រដ្ឋាភិបាលថៃ គ្រោងបង្កើតសហគ្រាសធុនតូច និងមធ្យមយ៉ាងតិច ១,០០០ សហគ្រាសក្នុងរយៈពេល ៥ ឆ្នាំដោយរកប្រាក់ចំណូលបានជាង ៣៣ លានដុល្លារក្នុងមួយឆ្នាំ
សេដ្ឋកិច្ច January 13, 2021 Chan Sreyny

ក្រសួងអប់រំថៃ នឹងធ្វើការជាមួយសហព័ន្ធឧស្សាហកម្មថៃ (FTI) ក្នុងការបង្កើតមូលនិធិច្នៃប្រឌិតសម្រាប់សហគ្រាសធុនតូច និងមធ្យមដោយមានគោលបំណងបង្កើតសហគ្រាសធុនតូច និងមធ្យមយ៉ាងតិចចំនួន ១,០០០ សហគ្រាសក្នុងរយៈពេល ៥ ឆ្នាំដែលមានប្រាក់ចំណូលលើសពី ១ ពាន់លានបាត (ជាង ៣៣ លានដុល្លារ) ក្នុងមួយឆ្នាំ។ លោក Kittipong Promwong ប្រធានការិយាល័យឧត្តមសិក្សាថ្នាក់ជាតិ វិទ្យាសាស្ត្រ ស្រាវជ្រាវ និងច្នៃប្រឌិតគោលនយោបាយ (ONES) មានប្រសាសន៍ថា « យុទ្ធនាការនេះនឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយមូលនិធិពីរ »។

លោកបន្តថា « ដោយទីមួយ គឺមូលនិធិលើកកម្ពស់ការស្រាវជ្រាវ និងការច្នៃប្រឌិតដែលរដ្ឋាភិបាលបានផ្តល់ថវិកាចំនួន ២០ ពាន់លានបាតក្នុងមួយឆ្នាំដល់ទីភ្នាក់ងាររដ្ឋាភិបាលផ្អែកលើការស្រាវជ្រាវ។ មូលនិធិនេះ នឹងត្រូវបានប្រើដើម្បីលើកកម្ពស់ការស្រាវជ្រាវលើផលិតផលដែលអាចដាក់លក់បានភ្លាមៗ។ ទីភ្នាក់ងារស្រាវជ្រាវដែលពាក់ព័ន្ធ នឹងសហការជាមួយដៃគូឯកជនដើម្បីបង្កើតផលិតផលទាំងនេះដែលនឹងទទួលបានប្រាក់ចំណេញពាណិជ្ជកម្មភ្លាមៗនៅពេលដែលការស្រាវជ្រាវត្រូវបានបញ្ចប់ »។

លោកបន្ថែមថា « មូលនិធិផ្សេងទៀត នឹងត្រូវបានបង្កើតឡើងដោយ ONES និង FTI ហើយនឹងត្រូវគ្រប់គ្រងដោយដៃគូឯកជន »។ លោក Kittipong បញ្ជាក់ថា « មូលនិធិច្នៃប្រឌិតសម្រាប់សហគ្រាសធុនតូច និងមធ្យមនឹងត្រូវបានបំពេញបន្ថែមមួយផ្នែកដោយសាជីវកម្មធំៗ ដែលរដ្ឋាភិបាលមានគោលបំណងទាក់ទាញដោយផ្តល់សិទ្ធិលើកលែងពន្ធរហូតដល់ ២០០% ដោយផ្អែកលើការចូលរួមរបស់ពួកគេក្នុងមូលនិធិនេះ »។

លើសពីនេះទៀត រដ្ឋាភិបាលថៃនឹងជួយគាំទ្រដល់មូលនិធិអតិបរមាចំនួន ១ ពាន់លានបាតក្នុងមួយឆ្នាំសម្រាប់រយៈពេល ៣ ឆ្នាំ។ យោងតាមលោក Kittipong បានឱ្យដឹងថា មូលនិធិច្នៃប្រឌិតនឹងជួយសហគ្រាសធុនតូច និងមធ្យមបង្កើតការច្នៃប្រឌិតដែលមានទីផ្សារ និងសហការជាមួយសាជីវកម្មធំៗ ដើម្បីផលិតឱ្យពួកគេសម្រាប់ទីផ្សារធំទូលាយរួមទាំងលទ្ធកម្មរបស់រដ្ឋាភិបាល។

គួរឱ្យដឹងផងដែរថា សហគ្រាសធុនតូច និងមធ្យមប្រមាណ ៥,០០០ សហគ្រាសដែលអាចរកប្រាក់ចំណូលបាន ៤០០ លានបាត ទៅ ៥០០ លានបាតក្នុងមួយឆ្នាំហើយ មិនអាចពង្រីកបន្ថែមទៀតបានទេ ពីព្រោះពួកគេខ្វះការច្នៃប្រឌិត និងថវិកាដើម្បីបង្កើនបច្ចេកវិទ្យាផលិតកម្មដែលមានស្រាប់៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand