កូវីដ-១៩ ធ្វើឱ្យអត្រាគ្មានការងារនៅកូរ៉េខាងត្បូងកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២២ ឆ្នាំ
សេដ្ឋកិច្ច January 13, 2021 Chan Sreyny

យោងតាមទិន្នន័យការិយាល័យស្ថិតិកូរ៉េខាងត្បូងបានឱ្យដឹងថា ការបាត់បង់ការងារធ្វើនៅកូរ៉េខាងត្បូងបានកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ២២ ឆ្នាំក្នុងឆ្នាំ ២០២០ ខណៈពេលដែលមានការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ចំនួនអ្នកធ្វើការមានចំនួន ២៦,៩០៤,០០០ នាក់នៅឆ្នាំ ២០២០ ធ្លាក់ចុះ ២១៨,០០០ នាក់ឬ ០.៨% បើធៀបនឹងឆ្នាំ ២០១៩​ ។ ការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះប្រចាំឆ្នាំដ៏ខ្ពស់បំផុតក្នុងរយៈពេល ២២ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៨ ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល ១១ ឆ្នាំចាប់តាំងពីឆ្នាំ ២០០៩ នៅពេលដែលសេដ្ឋកិច្ចត្រូវបានរងគ្រោះដោយវិបត្តិហិរញ្ញវត្ថុពិភពលោក។

ចំនួនការងារនៅក្នុងផ្នែកលក់ដុំ និងលក់រាយបានធ្លាក់ចុះ ១៦០,០០០ និងផ្នែកបរិភោគអាហារ និងផ្ទះសំណាក់នធ្លាក់ចុះ ១៥៩,០០០ ក្នុងរយៈពេលមួយឆ្នាំ។ ចំនួនអ្នកដែលត្រូវបានបញ្ឈប់បណ្តោះអាសន្នមានចំនួន ៨៣៧,០០០ នាក់ក្នុងឆ្នាំ ២០២០ កើនឡើង ៤៣០,០០០ បើធៀបនឹងឆ្នាំ ២០១៩​ ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនមួយចំនួនអនុញ្ញាតឱ្យនិយោជិកឈប់សម្រាកដោយមិនមានប្រាក់ខែ ឬត្រូវបញ្ឈប់ពីការងារដោយសារភាពមិនប្រាកដប្រជានៃជំងឺរាតត្បាត។ លើសពីនេះទៀត កាលពីខែធ្នូចំនួនការងារបានធ្លាក់ចុះ ៦២៨,០០០ បើប្រៀបធៀបនឹងខែដូចគ្នានៃឆ្នាំ ២០១៩ ។

គួរឱ្យដឹងផងដែរថា ការងារនៅកូរ៉េខាងត្បូងនៅតែបន្តធ្លាក់ចុះក្នុងរយៈពេល ១០ ខែជាប់ៗគ្នាជាមួយនឹងការធ្លាក់ចុះ ១៩៥,០០០ ក្នុងខែមីនា ៤៧៦,០០០ ក្នុងខែមេសា ៣៩២,០០០ ក្នុងខែឧសភា ៣៥២,០០០ ក្នុងខែមិថុនា ២៧៧ ០០០ ក្នុងខែកក្កដា ២៧៧ ០០០ ក្នុងខែសីហា ៣៩២ ០០០ ក្នុងខែកញ្ញា ៤២១ ០០០ ក្នុងខែតុលា និង ២៧៣ ០០០ ក្នុងខែវិច្ឆិកា៕

អត្ថបទ៖ នីតា
ប្រភព៖ xinhuanet