ក្រសួងកសិកម្ម បានរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០១៩-២០២៣ ក្នុងគោលបំណងបន្តជំរុញកំណើនកសិកម្មប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភព្រមទាំងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងធនធាន ដី ព្រៃឈើ និងជលផលប្រកបដោយចីរភាព។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ផែនការនេះផ្តោតសំខាន់លើការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជាឱ្យមានលក្ខណៈប្រកួតប្រជែងបរិយាប័ន្នធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាពបង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាតាមអភិក្រម និងវិសាលភាពថ្មី។
ដើម្បីប្រែក្លាយវិស័យនេះ ពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្មពោលគឺពឹងផ្អែកជាសំខាន់ លើធនធានដែលមានស្រាប់ (ធនធានដី និងធនធានធម្មជាតិផ្សេងៗទៀត) ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើប្រពលវប្បកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មី កសិកម្មវៃឆ្លាត ការស្រាវជ្រាវ និងការអភិវឌ្ឍយន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាពស្រោចស្រព ដើម្បីលើកកម្ពស់ផលិតភាព ពិពិធកម្មដំណាំដែលមានសក្តានុពល និងទីផ្សាររួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម។

សូមបញ្ជាក់ថា វិស័យកសិកម្មនៅតែជាវិស័យនាំមុខមួយក្នុងចំណោមវិស័យដទៃទៀត ដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់កម្ពុជា ហើយក៏បានរួមចំណែកក្នុងកំណើនផលទុនជាតិ និងចំណូលពីការនាំចេញផលិតផលកសិកម្មដែលវិស័យនេះក៏បានជួយផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទដែលមានជីវភាពរស់នៅពឹងអាស្រ័យលើការងារកសិកម្ម៕


ប្រភព៖ ក្រសួងព័ត៌មាន


