យោងតាមសារព័ត៌មាន The Nation Thailand បានឲ្យដឹងថា គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារម្សិលមិញនេះ បានកណត់ថវិកាចំនួន ១.៤៧ ពាន់លានបាត (ប្រមាណ ៤៩ លានដុល្លារអាមេរិក) ដើម្បីទិញទឹកដោះគោដែលសម្រាប់ផ្គត់ផ្គង់នៅតាមសាលារៀនចំនួន ២១៣ លានកេស ដើម្បីជួយសម្រាលការលំបាករបស់កសិករដែលចិញ្ចឹមគោយកទឹកដោះ។ គណៈរដ្ឋមន្រ្តីបានសម្រេចកំណត់ថវិកាបែបនេះ បន្ទាប់ពីឃើញប្រាក់ចំណូលរបស់កសិករបានធ្លាក់ចុះ នៅពេលសាលារៀនត្រូវបានបិទដោយសារតែការឆ្លងថ្មីនៃវីរុស Covid-19 ។
អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងសហករណ៍លោកស្រី Mananya Thaiset បាននិយាយថា ការលក់ផលិតផលទឹកដោះគោបានធ្លាក់ចុះផងដែរ ដោយសារតែការផ្ទុះវិរុសនេះ ដែលបានធ្វើឱ្យអំណាចនៃការទិញរបស់ប្រជាជនចុះខ្សោយ ខណៈជនបរទេសមិនអាចចូលទៅក្នុងប្រទេសថៃបានដោយសារការរឹតត្បិត។

លោកស្រីបានបន្ថែមថា ការបិទសាលារៀនបានជះឥទ្ធិពលដល់កសិករចិញ្ចឹមគោយកទឹកដោះ ព្រោះទឹកដោះគោសម្រាប់ផ្គត់ផ្គង់នៅសាលាមិនអាចលក់ជាលក្ខណៈពាណិជ្ជកម្មបានទេ។ ដូច្នេះមធ្យោបាយតែមួយគត់ដើម្បីបន្ធូរបន្ថយការលំបាករបស់កសិករផលិតទឹកដោះគោ គឺត្រូវទិញទឹកដោះគោចំនួន ២១៣ លានកេសក្នុងតម្លៃ ៧ បាតក្នុងមួយកេស។ ជាមួយគ្នានេះខុទ្ទកាល័យក៏បានណែនាំដល់ក្រសួងឱ្យបង្កើតវិធីបង្កើនតម្លៃទឹកដោះគោដូចជា កែច្នៃវាឱ្យទៅជាក្រែម ឬ ឈីស និងជំរុញការប្រើប្រាស់ផលិតផលទឹកដោះគោ៕




អត្ថបទ៖ លីនី
ប្រភព៖ nationthailand


