រដ្ឋាភិបាលថៃ សម្រេចកាត់បន្ថយថ្លៃទឹក ភ្លើង ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជនក្នុងអំឡុងពេលនៃការផ្ទុះឡើងវីរុស Covid-19
សេដ្ឋកិច្ច January 12, 2021 Khmernote

លោកនាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានប្រកាសបន្ទាប់ពីកិច្ចប្រជុំថា គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃអង្គារ ទី១២ នេះបានអនុម័តលើវិធានការណ៍ដែលបានស្នើឡើងដោយការិយាល័យក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងអភិវឌ្ឍន៍សង្គម (NESDC) ដើម្បីជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ប្រជាជនក្នុងអំឡុងពេលនៃការផ្ទុះឡើងវីរុស Covid-19 ។ លោកបានមានប្រសាសន៍ថា៖ « រដ្ឋាករទឹកស្វយ័តក្រុង និងអាជ្ញាធរខេត្ត នឹងកាត់បន្ថយថ្លៃទឹកសម្រាប់ខែចាប់ពីកុម្ភៈ ដល់ខែមីនាចំនួន ១០% ដល់អ្នកប្រើប្រាស់នៅបាងកក និងខេត្តផ្សេងទៀត។ ទន្ទឹមនឹងនេះអាជ្ញាធរអគ្គិសនីក្រុង និងខេត្តនឹងផ្តល់អគ្គិសនីចំនួន ៩០យូនីត ដោយឥតគិតថ្លៃដល់អ្នកប្រើប្រាស់សម្រាប់លំនៅដ្ឋានធម្មតា និង ៥០យូនីត សម្រាប់អ្នកប្រើប្រាស់អាជីវកម្មខ្នាតតូចក្នុងរយៈពេលដូចគ្នាដែរ។

ជាមួយគ្នានេះ គណៈ​រដ្ឋ​មន្រ្តីក៏បានប្រាប់ក្រសួងហិរញ្ញវត្ថុ ឲ្យរៀបចំព័ត៌មានលម្អិតនៃកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភថ្មី ដោយសំណើដំបូងក្នុងការផ្ដល់ប្រាក់ចំនួន ៣៥០០បាត សម្រាប់មនុស្សម្នាក់ក្នុងមួយខែ ដល់អ្នកដែលរងផលប៉ះពាល់ពីការផ្ទុះវីរុស ឬ វិធានការណ៍បិទទ្វារ ទាំងអ្នកដែលប្រកបរបរខ្លួនឯង អ្នកគ្មានការងារធ្វើ និងកសិករ។

ទន្ទឹមនឹងនេះដែរលោក ប្រាយុធ បានបន្ថែមថា គណៈកម្មការជាតិផ្សព្វផ្សាយ និងទូរគមនាគមន៍ និងអ្នកផ្តល់សេវាអ៊ីនធឺណិត ក៏នឹងផ្តល់ការកែតម្រូវល្បឿនឥតគិតថ្លៃដល់អ្នកប្រើប្រាស់អ៉ីនធឺណេតប្រេកង់ថេរ ឬ អ៊ិនធឺរណែតតាមផ្ទះផងដែរ ដើម្បីលើកកម្ពស់ការធ្វើការងារពីផ្ទះ។ លើសពីនេះទៅទៀតអ្នកប្រើប្រាស់កម្មវិធី “MorChana” នឹងមិនត្រូវបានគិតថ្លៃសេវាទិន្នន័យចល័តទេ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand