រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចជាស្រេចក្នុងការផ្តល់ជូនការងារតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នូវការងារជាង ២ ម៉ឺនកន្លែងសម្រាប់ពលករកម្ពុជាដែលត្រឡប់មកពីប្រទេសថៃ។ ព័ត៌មាននេះ ត្រូវបានចែករំលែកកាលពីពេលថ្មីៗនេះដោយឯកឧត្ដម ហៃ ហ៊ុនឡេង នាយក NEA ដោយឯកឧត្ដមបានមានប្រសាសន៍ថា « ឱកាសការងារនេះ នឹងផ្ដល់ជូនក្នុងវិស័យឧស្សាហកម្ម និងផលិតកម្ម, សេវាកម្មសំណង់ និងកសិកម្ម »។ ឯកឧត្ដមបន្តថា « NEA បានបង្កើតក្រុមការងារដើម្បីប្រមូលព័ត៌មានផ្តល់ការគាំទ្ រនិងជួយកម្មករក្នុងការដាក់ពាក្យសុំការងារបន្ទាប់ពីពួកគេបានបញ្ចប់ការដាក់ឲ្យនៅដាច់រយៈពេល ១៤ ថ្ងៃដោយជោគជ័យ »។
ឯកឧត្ដមបន្ថែមថា « ក្រុមការងារ ក៏នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងផ្សព្វផ្សាយព័ត៌មានអំពីការងារ និងព័ត៌មានទីផ្សារការងារក្នុងចំណោមពលករចំណាកស្រុកនៅក្នុងមណ្ឌលចត្តាឡីស័ក »។

គួរឱ្យដឹងផងដែរថា ពលករចំណាកស្រុកកម្ពុជារាប់ពាន់នាក់បានវិលត្រឡប់មកផ្ទះវិញ ខណៈពេលដែលមានការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសថៃ៕

ប្រភព៖ ក្រសួងព័ត៌មាន


