អគ្គនាយកដ្ឋានពន្ធដារ៖ « ក្នុងឆ្នាំកន្លងទៅដែលរាតត្បាតដោយវីរុសកូវីដ-១៩ កម្ពុជាប្រមូលចំណូលពន្ធ-អាករ បានជិត ៣ពាន់លានដុល្លារ »
សេដ្ឋកិច្ច January 12, 2021 Khmernote

អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា រយៈពេល ១២ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលប្រមូលបានមានចំនួន ២,៨៨៩ លានដុល្លារអាមេរិក ដោយកើនឡើងជាង ៣,៧៣ភាគរយ បើធៀបនឹងចំណូលពន្ធ-អាករប្រមូលបានក្នុងរយៈពេលដូចគ្នាឆ្នាំ២០១៩។ ឯកឧត្តម គង់ វិបុល ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ចំណូលពន្ធ-អាករដែលប្រមូលបានក្នុងឆ្នាំកន្លងទៅនេះ ស្មើនឹង ១០១,៣៦ភាគរយ នៃផែនការប្រចាំឆ្នាំ បើទោះស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចសកល ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាមិនទាន់មានភាពប្រាកដប្រជា ជាពិសេសមានការទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមបានបន្តថា អគ្គនាយកដ្ឋានពន្ធដារ ត្រៀមអនុវត្តយន្តការគ្រប់គ្រងប្រមូលចំណូល ពន្ធលើវិស័យផលិតស្រាបៀដោយកែសម្រួលការគ្រប់គ្រងប្រមូលចំណូលពន្ធ ដោយប្រើប្រាស់ឧបករណ៍ទំនើបស្វ័យប្រវត្តិ ព្រមទាំងបន្តពង្រឹងការ គ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យដែលនៅមានសក្តានុពល ដើម្បីធានាបាននូវតម្លាភាព និងមានភាពប្រកួតប្រជែង ជាអាទិ៍ វិស័យទូរគមនាគមន៍ វិស័យស្រាបៀនិងភេសជ្ជៈ វិស័យថ្នាំជក់និងបារី និងធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រងបំណុលពន្ធ ដែលនឹងកត់ត្រានិងរក្សាប្រវត្តិបំណុលពន្ធច្បាស់លាស់ មានការវិភាគនូវហានិភ័យបំណុលពន្ធត្រឹមត្រូវ និងផ្ដល់លទ្ធភាពខ្ពស់ដល់រដ្ឋបាលសារពើពន្ធក្នុងការគ្រប់គ្រងប្រមូលបំណុលពន្ធ។

ជាមួយគ្នានេះ ក៏ត្រៀមដាក់ឱ្យប្រើប្រាស់នូវកម្មវិធីបង់ប្រាក់ពន្ធលើអចលនទ្រព្យតាមទូរស័ព្ទ ដែលនឹងផ្ដល់ភាពងាយស្រួលជូនអ្នកជាប់ពន្ធ ក្នុងការពិនិត្យព័ត៌មានអចលនទ្រព្យរបស់ខ្លួន និងបង់ពន្ធលើអចលនទ្រព្យតាមទូរសព្ទដៃតែម្ដង និងត្រៀមដាក់ឱ្យអនុវត្តកម្មវិធីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទតាមអនឡាញ ដែលនឹងផ្ដល់ភាពងាយស្រួល ដល់អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធតាមអនឡាញ ហើយរដ្ឋបាលសារពើពន្ធនឹងបញ្ជូនលតាបត្របញ្ជាក់ការបង់ប្រាក់ពន្ធដល់គេហដ្ឋានរបស់អ្នកជាប់ពន្ធតែម្ដង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកនូវចំណូលពន្ធ-អាករជាជោគជ័យដ៏ធំមួយ ខណៈកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា នេះជាសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត ជាពិសេសក្នុងតំណាក់កាលលំបាក ដែលម្ខាងត្រូវអនុវត្តគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ហើយម្ខាងត្រូវចូលរួមអនុវត្តវិធានការទប់ស្កាត់និងឆ្លើយតបនឹងវបត្តិជំងឺកូវីដ-១៩ និងអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការសម្រួលផ្នែកពន្ធដារជួយដល់វិស័យទទួលរងផលប៉ះពាល់ តាមរយៈការសម្រួល និងការអនុគ្រោះពន្ធចំពោះវិស័យរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងបដិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ-១៩ ដែលឆ្លើយតបនិងរក្សានូវលំនឹងសង្គមនិងអាជីវកម្ម ក៏ដូចជាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងក្រុមជនងាយរងគ្រោះ៕

ប្រភព៖ ក្រសួងព័ត៌មាន