គម្រោងធំៗចំនួនពីរក្នុងខេត្តកំពតនឹងត្រូវធ្វើដំណាលគ្នា ដើម្បីប្រែក្លាយខេត្តនេះជាគោលដៅ​ទេសចរណ៍​លំដាប់​ទី​២ នៅក្នុង​ប្រទេស​បន្ទាប់ពី​ខេត្ត​សៀមរាប
សេដ្ឋកិច្ច January 12, 2021 Khmernote

ដើម្បី​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ ចំណេញ​ពេលវេលា និង​រក្សាបាន​សោភណភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​ខេត្តកំពត​កាន់តែច្រើន រដ្ឋបាល​ខេត្តកំពត និង​មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានសម្រេច ឯកភាព​អនុវត្តន៍​គម្រោង​ពង្រីក​សួនច្បារ​ខេត្តកំពត និង​គម្រោង​ដាក់​ប្រព័ន្ធ​លូ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងពេល​ដំណាលគ្នា​។ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា និង​ធ្វើ​បទ​បង្ហាញ​អំពី​វឌ្ឍនភាព​ការងារ សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​ប្រមូល​ទឹក​កខ្វក់ ស្ថានីយ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​២​ នៅ​ព្រឹក​​ថ្ងៃ​ចន្ទ ទី​១១ ខែមករា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត រួមជាមួយ​ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា រយៈពេល​ចុងក្រោយ​នេះ ខេត្តកំពត​ក្លាយជា​គោ​ដៅ​ទេសចរណ៍​មួយ​យ៉ាងសំខាន់ និង​អាច​និយាយបានថា ជា​គោលដៅ​ទេសចរណ៍​លំដាប់​ទី​២ នៅក្នុង​ប្រទេស​បន្ទាប់ពី​ខេត្ត​សៀមរាប ហើយ​លំហូរ​ការធ្វើ​ចរាចរ​ដឹក​ទំនិញ​ឆ្លងកាត់​តាមផ្លូវ​នៃ​ខេត្ត​នេះ ក៏​ច្រើនជាង​ផ្លូវជាតិ​លេខ​៤​។​

ជាមួយនឹង​គម្រោង​ដូចខាងលើ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​បង្វែរ​មកកាន់​ខេត្តកំពត​មុន​។ ជាក់ស្តែង​ដូចជា​កា​រព​ន្លឿ​ន ការងារ​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ និង​លេខ​២ គឺ​សុទ្ធសឹងតែ​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ការដឹកជញ្ជូន​ទំនិញ​ចេញចូល​ឆ្លងកាត់​ខេត្តកំពត​។ ទទ្ទឹម​គ្នា​នេះដែរ​ក្រុង​កំពត គ្រោង​ពង្រីក​សួនច្បារ ពី​ចំណុច​គល់ស្ពាន​ចាស់​ដល់​គល់ស្ពាន​ថ្មី គឺ​ត្រួត​កន្លែង​គ្នា ជាមួយនិង​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​ប្រមូល​ទឹក​កខ្វក់ ស្ថានីយ​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង នៃ​គម្រោង​អភិវឌ្ឍន៍​ក្រុង​របៀង​២​របស់ ADB ដែរ​។ ដើម្បី​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់ និង​ចំណេញ​ពេលវេលា ធានាបាន​នូវ​អនាម័យ​បរិស្ថាន​ស្អាត នាំមក​នូវ​សោភណភាព ផាសុកភាព​ទាក់ទាញ​ទេសចរ​ឱ្យ​កាន់តែច្រើន អាជ្ញាធរ ខេត្ត ក៏ដូចជា​ជំនាញ​បានសម្រេច​ថា នឹងធ្វើ​ការស្ថាបនា​គម្រោង​ទាំងពីរ​នេះ​ព្រមជាមួយ​គ្នា​តែម្តង​។​

​អាជ្ញាធរ​ខេត្តកំពត និង​មន្ត្រី​ជំនាញ​ក្រសួង​បាន​ផ្តល់នូវ​អនុសាសន៍ និង​គោលការណ៍​មួយចំនួន ដូចជា ១-​ណែ​នាំឱ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី ព​ន្លឿ​ន​ការ​គូស​ប្លង់​ពង្រីក​សួនច្បារ​តាម​បណ្តោយ​មាត់​ព្រែក ចន្លោះ​ស្ពាន​ទាំងពីរ ឱ្យបាន​ឆាប់រហ័ស និង​យកមក​បង្ហាញ​ក្រុមការងារ​នៅ​សប្តាហ៍​ក្រោយ​ក្នុងនាម​រដ្ឋបាលខេត្ត​។

​ជាមួយនេះ​ឯកឧត្តម ក៏​សូមឱ្យ​អ្នកទទួល​ការអនុវត្ត​គម្រោង និង​ភាគី ADB ត្រូវ​ស្នើ​មក​រដ្ឋបាលខេត្ត ដោះស្រាយ​ជាបន្ទាន់ បើ​មានការ​រាំងស្ទះ​ណាមួយ​ដែល​ត្រូវឱ្យ​រដ្ឋបាលខេត្ត​ជា​អ្នកដោះស្រាយ ដើម្បីឱ្យ​គម្រោង​អនុវត្តន៍​ទៅបាន​ឆាប់រហ័ស ។ ២-​សូមឱ្យ​អ្នកទទួល​ការសាងសង់ និង តំណាង ADB ព​ន្លឿ​ន​ការសាងសង់​លូ​អក្សរ​អ៊ុយ​ឱ្យបាន​ឆាប់រហ័ស និង​រួចរាល់​ក្នុង​រដូវប្រាំង​នេះ​។ សូមបញ្ជាក់ថា ដើម្បី​បំពេញតម្រូវការ​ពលរ​ដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ សម្រួលការ​ធ្វើដំណើរ​កុំឱ្យ​កកស្ទះ រដ្ឋបាល​ខេត្តកំពត​បា​ន​និង​កំពុង​សាងសង់​ស្ពាន​ត្រើយ​កោះ ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បាន​កំពុង​សិក្សា ដាក់សំណើ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​សុំ​សាងសង់​ស្ពាន​ឆ្លងកាត់​ព្រែក​កំពង់បាយ​មួយ បន្ថែមទៀត​ផងដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន