រដ្ឋមន្រ្តីក្រសួងកសិកម្ម បានជំរុញភាគីពាក់ព័ន្ធ ត្រូវបន្តប្រែក្លាយវិស័យកសិកម្មកម្ពុជា ទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព ដើម្បីបង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនវានុវត្តន៍។ យោងតាមផេកហ្វេកបុកផ្លូវការ របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងនៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងការរៀបចំផែនការជំរុញកំណើនកសិកម្ម រួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយ:ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងគោលបំណងសំខាន់គឺធ្វើយ៉ាងណា “ប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការ ប្រែប្រួលអាកាសធាតុ និរន្តរភាព បង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនវានុវត្តន៍” ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម ព្រមទាំងលើកកម្ពស់ការធ្វើយន្តូបនីយកម្មកសិកម្ម ពិពិធភាវូបនីយកម្មកសិកម្ម និងកសិ-ពាណិជ្ជកម្មដែល ធ្វើយ៉ាងណាសម្រេចឱ្យបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។
ឯកឧត្តមរដ្ឋមន្រ្តីបន្តថា ផ្តើមចេញពីនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានបោះជំហានដើរចេញពីប្រទេសអសន្តិសុខស្បៀង ទៅជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក និងឈានជាជំហានៗទៅជាប្រទេសផលិតស្បៀងលើសពីសេចក្តីត្រូវការនៅឆ្នាំ២០០០ ហើយ ១០ឆ្នាំក្រោយមក គឺនៅឆ្នាំ២០១០ កម្ពុជាបានក្លាយជាប្រទេសនាំស្បៀងចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមសហការជាមួយភាគីពាក់ព័ន្ធអនុវត្តគោលនយោបាយនេះបានយ៉ាងខ្ជាប់ខ្ជួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាសម្រេចឱ្យបានតាមផែនការដែលបានដាក់ចេញ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា ក្នុងចំណោមគោលនយោបាយជាអាទិភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺការអភិវឌ្ឍយន្តូបនីកម្មកសិកម្ម។ ផ្តើមចេញពីការអនុវត្តគោលនយោបាយនេះ យើងសង្កេតឃើញថា បច្ចុប្បន្ន គ្រឿងយន្តកសិកម្មបានចូលខ្លួនមកបម្រើឱ្យវិស័យកសិកម្មជំនួសឱ្យកម្លាំងពលកម្មមនុស្ស និងសត្វពាហន:ស្ទើរតែទាំងស្រុង ជាពិសេសលើផ្នែកផលិតកម្មដំណាំស្រូវ និង ដំណាំកសិ-ឧស្សាហកម្ម។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ កម្ពុជាមានត្រាក់ទ័រចំនួន ៣២ ០៩៤គ្រឿង គោយន្តចំនួន ៤៩៨ ១១៩គ្រឿង និងម៉ាស៊ីនប្រមូលផលស្រូវមានចំនួន ៦ ៧៩៦គ្រឿង ដែលបាននិងកំពុងបំពេញការងារយ៉ាងសកម្មក្នុងការរៀបចំដីស្រែ ដីចម្ការនិងប្រមូលផលស្រូវ ហើយនិងគ្រឿងយន្តបម្រើឱ្យការងារសាកវប្បកម្ម។ ជាក់ស្តែង ផ្ទៃដីភ្ជួររាស់ដោយគ្រឿងយន្តមានចំនួន ៣ ៣៩៦ ០៦០ហិកតា ស្មើនឹង ៩៩,១៤ភាគរយ នៃផ្ទៃដីដែលបានភ្ជួររាស់សរុប ក្នុងនោះផ្ទៃដីស្រែប្រមាណជា ៨៥,៤០ភាគរយ ត្រូវបានប្រមូលផលដោយប្រើម៉ាស៊ីនច្រូត៕

ប្រភព៖ ក្រសួងព័ត៌មាន


