សមាគមទីភ្នាក់ងារទេសចរណ៍ថៃ (Atta) ជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតលើភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង Covid-19 រួច អាចចូលមកកម្សាន្តនៅក្នុងប្រទេសដោយមិនមានការធ្វើចតាឡីស័ក្កនៅក្នុងត្រីមាសទី៣ ដើម្បីជំរុញកំណើនភ្ញៀវ។ មូលហេតុដែល
(Atta) ជំរុញទៅកាន់រដ្ឋាភិបាលបែបនេះ គឺនៅពេលសមាគមទទួលបាននូវការប៉ាន់ប្រមាណថា ៨០% នៃក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសត្រូវបានបិទទ្វារ។ លោក Vichit Prakobgosol ប្រធានសមាគមទេសចរណ៍ (Atta) បាននិយាយថា ប្រហែល ៣០% នៃក្រុមហ៊ុនទេសចរណ៍ដែលបានចុះបញ្ជីក្នុងប្រទេសចំនួន ១០,០០០ បានបិទជាអចិន្ត្រៃយ៍ ខណៈដែលពាក់កណ្តាលបានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេជាបណ្តោះអាសន្ន ដោយសារតែប្រទេសថៃមិនមានអាចទទួលបានភ្ញៀវទេសចរអន្តរជាតិបាន។
ជាមួយគ្នានេះដែរ មានតែប្រតិបត្តិករក្នុងស្រុកចំនួន ២០% ប៉ុណ្ណោះដែលនៅតែបន្តធ្វើអាជីវកម្មដោយផ្តោតលើទីផ្សារក្នុងស្រុក ដែលត្រូវបានបំផ្លាញដោយការកើនឡើងជាថ្មីនៃការចំលងវីរុសនៅក្នុងសហគមន៍។ លោក Vichit បានមានប្រសាសន៍ថា៖ « ប្រតិបត្តិករត្រូវតែប្រយុទ្ធរហូតដល់ដង្ហើមចុងក្រោយដើម្បីរក្សាអាជីវកម្មយ៉ាងហោចណាស់រហូតដល់ត្រីមាសទី៣ នៅពេលដែលមានក្តីសង្ឃឹមសម្រាប់លំហូរភ្ញៀវទេសចរថ្មី។ ទន្ទឹមនឹងនេះប្រសិនបើវិស័យទេសចរណ៍ក្នុងស្រុកអាចចាប់ផ្តើមឡើងវិញបាននោះការស្ទុះងើបសេដ្ឋកិច្ចរបស់ប្រទេសនឹងវិលត្រឡប់ទៅរកភាពដើមវិញ »។

ប្រធានសមាគមរូបនេះបានបន្តថា ប្រតិបត្តិករនៅគ្នងប្រទេសថៃគាំទ្រគំនិតនៃការលើកលែងចំពោះអ្នកដែលត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹង Covid-19 ខណៈប្រទេសជាច្រើនបានផ្តើមកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំ។ ក្នុងនោះលោកបានប៉ាន់ស្មានថាចំនួនប្រជាជនដែលទទួលបានការចាក់វ៉ាក់សាំងនៅឆមាសទីមួយនៃឆ្នាំនេះអាចនឹងកើនឡើងលើសពី ១ ពាន់លាននាក់នៅទូទាំងពិភពលោក រួមទាំងភ្ញៀវទេសចរដែលមានសក្តានុពលមកពីប្រទេសចិន និងអាស៊ីអាគ្នេយ៍។

យ៉ាងណាមិញ លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាបានមានប្រសាសន៍ថា ប្រទេសនេះនឹងមិនប្រញាប់ប្រញាល់អនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ដែលចូលមកទស្សនាដោយគ្មានការធ្វើចត្តាឡីស័កឡើយ ព្រោះវាត្រូវរង់ចាំលទ្ធផលពីអ្នកដែលបានចាក់វ៉ាក់សាំងទាំងពីរដូស ដែលនាំឱ្យមានការពិភាក្សាជាមួយក្រសួងសុខាភិបាលអំពីគោលការណ៍ណែនាំបន្ថែម។ លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងធ្វើការលើវិធានការដើម្បីបង្ហាញថា ភ្ញៀវទេសចរបរទេសត្រូវបានទទួលថ្នាំបង្ការដូចជា ការបញ្ជាក់ ឬ ត្រាលិខិតឆ្លងដែនជាដើម៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


