ថៃ៖ នាយកដ្ឋានអាកាសចរណ៍ (DoA) បានឲ្យដឹងថា ការផ្ទុះឡើងនៃ Covid-19 ថ្មីៗនេះ បានធ្វើឲ្យការធ្វើដំណើរក្នុងស្រុកតាមផ្លូវអាកាសធ្លាក់ចុះ ៦០% ចាប់តាំងពីដើមឆ្នាំ ២០២១នេះ។ យោងតាមលោក Apirat Chaiwongnoi អគ្គនាយកស្តីទីនៃនាយកដ្ឋាននេះ បានឱ្យដឹងថាតួលេខនេះត្រូវបានដកស្រង់ចេញពីព្រលានយន្តហោះចំនួន ២០ ដែលគ្រប់គ្រងដោយ DoA នៅទូទាំងប្រទេសខណៈអ្នកដំណើរក្នុងស្រុកដែលឆ្លងកាត់អាកាសយានដ្ឋានទាំង២០ ក៏ធ្លាក់ចុះដែរ គឺពីចំនួនមធ្យម ៣០,០០០នាក់ ក្នុងមួយថ្ងៃមុនចូលឆ្នាំថ្មីមកត្រឹម ១២០០០ នាក់។
លោក Apirat Chaiwongnoi បាននិយាយថា ពាក់ព័ន្ធនឹងការធ្លាក់ចុះនេះ គឺដោយសារប្រជាជនមិនមានទំនុកចិត្តលើប្រសិទ្ធភាពនៃវិធានការណ៍ដាច់ដោយឡែកដែលកំណត់ដោយបណ្ដាខេត្តនោះទេ។ ហើយការកាត់បន្ថយតម្រូវការដ៏ច្រើនបានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយការហោះហើររបស់ពួកគេ។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍មួយចំនួនក៏បានស្នើសុំឱ្យនាយកដ្ឋានពង្រីកវិធានការដោះស្រាយ រួមទាំងការបញ្ចុះថ្លៃសេវាចុះចតដែលបានផុតកំណត់នៅថ្ងៃទី៣១ ធ្នូ កន្លងទៅថ្មីៗនេះ ខណៈប្រភពមួយនៅក្នុងក្រសួងដឹកជញ្ជូនបានបង្ហើបថា ការលុបចោលជើងហោះហើរធំៗ បានចាប់ផ្តើមដាក់ជាមួយអាជ្ញាធរហើយចាប់ពីថ្ងៃទី ៦ មករា។

គួរបញ្ជាក់ផងដែរថា មុនពេលចូលឆ្នាំថ្មីជើងហោះហើរ ១៦០ ជើងបានប្រតិបត្តិការចូល និងចេញនៅព្រលានយន្តហោះចំនួន ២០ ជាមធ្យមក្នុងមួយថ្ងៃ។ ដោយឡែកបន្ទាប់ពីថ្ងៃឈប់សម្រាក ការហោះហើរបានធ្លាក់ចុះពី ៤០% មកត្រឹម ១០០ជើង ជាមធ្យមក្នុងមួយថ្ងៃ។ ទន្ទឹមនឹងនេះដែរ ចំនួននៃការហោះហើរនៅឆ្នាំនេះនៅតែទាប បើទោះបីជាការឧបត្ថម្ភប្រាក់បានលេចចេញមកជាមួយនឹងវ៉ាក់សាំង ដែលត្រូវបានកំណត់សម្រាប់ចែកចាយនៅក្នុងប្រទេសដែលរងផលប៉ះពាល់ជាច្រើនរួមទាំងប្រទេសថៃ នេះបើយយោងតាមវិទ្យុអាកាសចរណ៍ថៃ (ART)។

ទីភ្នាក់ងារនេះបានបន្ថែមទៀតថា ផលប៉ះពាល់នៃរលកទី២នេះ សង្ឃឹមថានឹងមានរយៈពេលខ្លីមុនពេលចរាចរណ៍ជើងហោះហើរវិលត្រឡប់មកវិញនៅចុងឆ្នាំនេះ ដោយសារវិស័យទេសចរណ៍អាចចាប់ផ្តើមឡើងវិញបាន។ ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីទំហំនៃការងើបឡើងវិញដែលរំពឹងទុកនោះទេ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


