ក្រសួងកសិកម្ម ពិចារណាក្នុងការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលត្រីមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមទីផ្សារផលិតផលវារីវប្បកម្មនាពេលបច្ចុប្បន្ន
សេដ្ឋកិច្ច January 9, 2021 Chan Sreyny

ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទបាន​ធ្វើការ​ពិនិត្យ​និង​ពិចារណា​ក្នុង​ការ​ផ្អាក​ជា​ប​ណ្តោះ​អាសន្ន​ នូវ​ការនាំចូល​ផលិតផល​ជលផល ​ដែល​វា​រី​វប្ប​ករ​ក្នុងស្រុកអាច​ផលិត​បាន​ដូចជា៖​ ត្រីប្រា​ ត្រីពោ​ ត្រី​អ​ណ្តែ​ង ​និង​ត្រី​ឆ្តោ​ជាដើម ​ដើម្បី​ជួយ​ដោះស្រាយបញ្ហា​ប្រឈម​ទីផ្សារ​ផលិតផល​វារីវប្បកម្ម​នា​ពេល​បច្ចុប្បន្ន​និងរួមចំណែក​ជំរុញ​ការផលិត​ក្នុង​ស្រុក​ឱ្យ​បាន​ខ្លាំងក្លា ​និង​ឈាន​ទៅ​រក​ការនាំចេញ​នា​ពេល​ខាងមុខ​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ។

គួរបញ្ជាក់ផងដែរថា ការផ្អាកការនាំចូល​ផលិតផល​ជលផលខាងលើ បានធ្វើឡើងដោយអនុវត្ត​តាម​អនុសាសន៍ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ស​ម្តេ​ច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ថ្ងៃទី ១៨ ខែកុម្ភៈ ​ឆ្នាំ ២០២០ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​គរុសិស្ស​ គរុ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ ២០១៨-២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​និង​ថ្ងៃទី ១៤ ខែកក្កដា ​ឆ្នាំ ២០២០ ក្នុង​ឱកាស​ជួប​សំណេះ​សំណាល​ជាមួយ​បងប្អូន​ប្រជាកសិករ​វា​រី​វប្ប​ករនៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ពូជ​ត្រី​ទឹកសាប​បាទី​ខេត្តព្រៃវែង ​ដែល​ស​ម្តេ​ច​តេ​ជោ​បាន​ណែនាំ​ហើយ​ណែនាំ​ទៀត​ឱ្យ​ប្រើប្រាស់​ឱកាស​មាស​ក្នុង​ការ​ដាំដុះ​ចិញ្ចឹម​ត្រី​ និង​សត្វ​ដើម្បី​ឈាន​ទៅដល់​ការកាត់បន្ថយ​ការនាំចូល ​និង​ផ្អែក​តាម​សំណូមពរ​របស់​សមាគម​វា​រី​វប្ប​ករ​នៅ​កម្ពុជា​ផង​នោះ​៕

ប្រភព៖ ក្រសួងព័ត៌មាន