អាជ្ញាធរចិនកំពុងទទូចដល់ប្រជាជនកុំឲ្យធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួន ក្នុងករណីដែលមិនចាំបាច់សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីចិន ខណៈប្រទេសនេះកំពុងមានការរីករាលដាលជាថ្មីនៃជំងឺ Covid-19។ រដ្ឋាភិបាលក្នុងតំបន់ជាច្រើនបានចេញសេចក្តីជូនដំណឹងក្នុងសប្តាហ៍នេះ ដោយអំពាវនាវឱ្យប្រជាជនស្នាក់នៅផ្ទះ ដើម្បីការពារការរីករាលដាលនៃមេរោគនេះ ដែលជំរុញឱ្យផ្លូវដែករដ្ឋចិនប្រកាសថា រាល់សំបុត្ររថភ្លើងដែលបានកក់មុនថ្ងៃព្រហស្បតិ៍អាចត្រូវបានសងប្រាក់វិញ។ គួរឲ្យដឹងថា ជារៀងរាល់ឆ្នាំ ប្រជាជន ឬ អ្នករស់នៅក្នុងប្រទេសនេះតែងតែធ្វើចំណាកស្រុកធំបំផុតនៅលើពិភពលោកមុនពេលបុណ្យចូលឆ្នាំថ្មីចូលមកដល់ដើម្បីជួបជុំគ្រួសារ ខណៈឆ្នាំនេះឆ្នាំថ្មីនឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភះ។
ក្រៅពីការអំពាវនាវរបស់រដ្ឋបាលតាមតំបន់ ខុទ្ទកាល័យរបស់ប្រទេសចិនក៏បានជំរុញនិយោជិកឱ្យមានភាពបត់បែនអំពីការឈប់សម្រាកបុណ្យចូលឆ្នាំចិនក្នុងឆ្នាំនេះ។ បើតាមក្រុមប្រឹក្សារដ្ឋបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយកាលពីសប្តាហ៍មុនថា៖ « ក្នុងគោលបំណងដើម្បីការពារការឆ្លង និងគ្រប់គ្រងជំងឺរាតត្បាត យើងលើកទឹកចិត្តឱ្យក្រុមហ៊ុន និងសហគ្រាសធ្វើការរៀបចំឱ្យមានភាពបត់បែនសម្រាប់ថ្ងៃឈប់សម្រាក និងណែនាំនិយោជិកឱ្យចំណាយវិស្សមកាលនៅក្នុងតំបន់ដែលពួកគេធ្វើការ »។

ទោះជាយ៉ាងណា អ្នកជំនាញផ្នែករោគរាតត្បាតជាន់ខ្ពស់លោក Zhong Nanshan បាននិយាយថា មិនចាំបាច់មានការរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេសចិននោះទេ តែសម្រាប់ការធ្វើដំណើរទៅបរទេស និងតំបន់ដែលមានហានិភ័យមធ្យមក៏ដោយគួរតែជៀសវាង។ លោកបានបន្ថែមថា ប្រជាជនគួរតែប្រុងប្រយ័ត្នឲ្យបានល្អដូចជាការពាក់ម៉ាស និងលាងសម្អាតជាដើម។ ជាមួយគ្នានេះអ្នកជំនាញខាងរោគរាតត្បាតឈានមុខគេម្នាក់ទៀតក៏បាននិយាយផងដែរថាការធ្វើដំណើរក្នុងស្រុកមិនគួរត្រូវបានផ្អាកនោះទេ ដោយកត់សំគាល់ថាវីរុសនេះត្រូវបានគ្រប់គ្រងបានល្អក្នុងកំឡុងពេលពិធីបុណ្យចិនផ្សេងៗក្នុងប៉ុន្មានខែថ្មីៗកន្លងទៅនេះ។

គួរបញ្ចាក់ផងដែរថា ប្រទេសចិនបានឃើញការផ្ទុះឡើងនៃវីរុសនេះក្នុងរដូវរងារដោយមានករណីឆ្លងក្នុងស្រុកត្រូវបានគេរាយការណ៍នៅក្នុងទីក្រុងប៉េកាំង និងទីក្រុងភាគឦសាន។ យោងតាមតួលេខផ្លូវការបានឱ្យដឹងថា មានអ្នកឆ្លងជំងឺចំនួន ១០៤ នាក់នៅទូទាំងប្រទេសកាលពីខែមុន ដែលកើនឡើង ៧៦% ពីខែវិច្ឆិកា។ ការផ្ទុះឡើងចុងក្រោយបង្អស់ គឺនៅខេត្តហឺប៉ី ដែលនៅជិតទីក្រុងប៉េកាំងដែលមានករណីជាង ២៣០ ករណីត្រូវបានគេរាយការណ៍ចាប់តាំងពីដើមខែមករាមក ដែលនេះជាការកើនឡើងខ្លាំងបំផុតនៃការឆ្លងនៅក្នុងប៉ុន្មានខែថ្មីៗនេះ៕
អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


