កូរ៉េខាងជើង ស្នើសុំជំនួយវ៉ាក់សាំងការពារ Covid-19 ពីសម្ព័ន្ធមិត្តពិភពលោក ទោះបីប្រទេសមិនមានករណីវីរុស covid សូម្បីតែមួយ
សេដ្ឋកិច្ច January 9, 2021 Khmernote

យោងតាមប្រភពពីការទូតបានឲ្យដឹង​កាលពីថ្ងៃអង្គារកន្លងទៅនេះថា ប្រទេសកូរ៉េខាងជើងកំពុងតែស្វែងរកជំនួយពីក្របខ័ណ្ឌអន្តរជាតិមួយដែលត្រូវបានរៀបចំឡើងដើម្បីធានាការទទួលថ្នាំបង្ការជាសកលប្រកបដោយសមធម៌ បើទោះបីជាមានការអះអាងថា ប្រទេសនេះមិនមានករណីឆ្លងវីរុស Covid-19 សូម្បីមួយករណីក៏ដោយ។ តាមរបាយការណ៍ក្នុងកាសែត The Wall Street Journal បានឲ្យដឹងថា ក្រុងព្យុងយ៉ាងបានដាក់ពាក្យស្នើសុំទៅ Gavi ដែលជាសម្ព័ន្ធវ៉ាក់សាំងដើម្បីទទួលថ្នាំបង្ការ Covid-19 ប៉ុន្តែមន្រ្តីមកពីអង្គការនេះមិនធ្វើអត្ថាធិប្បាយលើស្ថានភាពនេះទេ។

របាយការណ៍បានបន្តឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានទៅដល់បណ្តាប្រទេសអ៉ឺរ៉ុបមួយចំនួន ដើម្បីសាកសួរពីវិធីដើម្បីទទួលបានការចាក់វ៉ាក់សាំងនៅក្នុងប្រទេសខ្លួន។ គួរឲ្យដឹងផងដែរថា សម្ព័ន្ធ COVAX ដឹកនាំដោយ Gavi និងបណ្តាញមូលនិធិដែលផ្តល់ដោយប្រទេសដែលមានប្រាក់ចំណូលមធ្យម និងពាក់កណ្តាលដែលចូលរួមក្នុងកម្មវិធី ឆ្ពោះទៅរកក្រុមហ៊ុនឱសថមួយចំនួនដែលកំពុងធ្វើការដើម្បីបង្កើតវ៉ាក់សាំងដែលនឹងត្រូវផ្គត់ផ្គង់ដល់ប្រទេសដែលមានប្រាក់ចំណូលទាប។ យោងតាមផែនការដែលដឹកនាំដោយអង្គការសុខភាពពិភពលោកបានឱ្យដឹងថា ខ្លួនសង្ឃឹមថានឹងផ្គត់ផ្គង់វ៉ាក់សាំងចំនួន ២ ពាន់លានដូសនៅទូទាំងពិភពលោកនៅចុងឆ្នាំ ២០២១ ដែលគ្របដណ្តប់យ៉ាងហោចណាស់ ២០ ភាគរយនៃចំនួនប្រជាជននៃប្រទេសនីមួយៗដែលចូលរួម។

ជាមួយគ្នានេះដែរប្រទេសកូរ៉េខាងជើងបានបិទព្រំដែនរបស់ខ្លួនទាំងស្រុងដោយរាប់បញ្ចូលទាំងការកាត់ផ្តាច់ចរាចរណ៍ពីប្រទេសចិន និងរុស្ស៊ីចាប់តាំងពីខែកុម្ភះឆ្នាំមុន បន្ទាប់ពីការផ្ទុះឡើងនៃវីរុសនេះដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពាណិជ្ជកម្មរបស់ប្រទេសនេះជាមួយប្រទេសជិតខាងទាំងពីរចំពោះសេដ្ឋកិច្ចទូលំទូលាយ។ ។ ក្រុមអ្នកឃ្លាំមើលកូរ៉េខាងជើងបាននិយាយថា ក្រុងព្យុងយ៉ាងបានអះអាងថា វីរុសមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសទេ ប៉ុន្តែវាកាន់តែមានការភ័យខ្លាចចំពោះជំងឺរាតត្បាតនេះចំពេលមានការរំពឹងទុកកើនឡើងថា ហានិភ័យនៃការឆ្លងនឹងកើនឡើងក្នុងរដូវរងា៕

អត្ថបទ៖ លីនី
ប្រភព៖ kyodonews