អភិបាលខេត្តភូកេត៖ ជនណាដែលមិនពាក់ម៉ាស់នឹងត្រូវផាកពិន័យទឹកប្រាក់ជាង ៦៦៣ដុល្លារ ឬអាចជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ
សេដ្ឋកិច្ច January 9, 2021 Chan Sreyny

អភិបាលខេត្តភូកេតលោក Narong Woonciew បានចេញបទបញ្ជាជាបន្ទាន់មួយ ដោយតម្រូវឱ្យប្រជាជននៅខេត្តកោះនេះពាក់ម៉ាសមុខ ខណៈពេលដែលមានការរីករាលដាលនៃជំងឺ Covid-19 ។ អ្នកដែលរំលោភបទបញ្ជានេះ អាចប្រឈមនឹងការផាកពិន័យទឹកប្រាប់ចំនួន ២០,០០០ បាត (ជាង ៦៦៣ ដុល្លារ)។ អ្នកដែលរំលោភបទបញ្ជានេះ ក៏អាចប្រឈមនឹងការដាក់ទណ្ឌកម្មក្រោមច្បាប់ស្តីពីជំងឺឆ្លងដែលត្រូវពិន័យជាប្រាក់រហូតដល់ ១០ ម៉ឺនបាត និងជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ។ ប្រជាជន ក៏អាចប្រឈមនឹងការពិន័យក្រោមក្រឹត្យគ្រាអាសន្ន។

ក្នុងបទបញ្ជានោះបាននិយាយថា ការមិនពាក់ម៉ាស់អាចបង្កើតលក្ខខណ្ឌមិនស្អាតដែលអាចបង្កឱ្យមានការឆ្លងជំងឺ ឬជំងឺរាតត្បាតរាលដាល ។ ប្រជាជនក្នុងខេត្ត ត្រូវបានគេបញ្ជាឱ្យពាក់របាំងមុខពេលនៅតាមទីសាធារណៈ ប៉ុន្តែមិនចាំបាច់ពាក់ម៉ាសពេលកំពុងញ៉ាំ ផឹក ឬហាត់ប្រាណទេ។

គួរឱ្យដឹងផងដែរថា ប្រជាជនដែលចាកចេញពីផ្ទះ កន្លែងស្នាក់នៅ អគារស្នាក់នៅ ឬយានជំនិះ ឬនៅទីសាធារណៈត្រូវពាក់ម៉ាស់ជានិច្ច៕

អត្ថបទ៖ នីតា
ប្រភព៖ thethaiger