ខណៈពេលដែលប្រទេសជាច្រើននៅលើពិភពលោកបានហាមឃាត់ការមកដល់របស់ជនជាតិអង់គ្លេស ប្រទេសថៃបានបញ្ជាក់ថា មិនមានការហាមឃាត់ការធ្វើដំណើរលើការមកដល់របស់ជនជាតិអង់គ្លេសនោះទេ ប៉ុន្តែត្រូវរឹតបន្តឹងច្បាប់ និងកន្លែងធ្វើចត្តាឡីស័ក។ ជាក់ស្ដែងជនជាតិអង់គ្លេសដែលចូលមកប្រទេសថៃនៅពេលនេះ ត្រូវតែស្នាក់នៅក្នុងបន្ទប់របស់ពួកគេឲ្យបានច្រើន ក្រោមវិធានការណ៍ថ្មីដែលកំណត់ដោយនាយកដ្ឋានត្រួតពិនិត្យជំងឺ។ ជាមួយគ្នានេះ នាយកដ្ឋានបានបញ្ជាទិញគ្រឿងបរិក្ខារ ASQ និងកន្លែងដាក់ដោយឡែករបស់រដ្ឋ ឱ្យរឹតបន្តឹងវិធានការដើម្បីឆ្លើយតបទៅនឹងវីរុស Covid-19 ទម្រង់ថ្មី ។
អ្នកនាំពាក្យក្រសួងលោក Natapanu Nopakun បានមានប្រសាសន៍ថា អ្នកធ្វើដំណើរមកពីចក្រភពអង់គ្លេស និងប្រទេសដែលមានហានិភ័យខ្ពស់នៅតែត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសថៃ ប៉ុន្តែពួកគេនឹងត្រូវផ្តល់ឯកសារច្រើនជាងអ្នកដែលមកពីប្រទេសដែលមានហានិភ័យទាប។ បន្ថែមពីនេះក្រសួងការបរទេសបញ្ជាក់ជាថ្មីថា គ្មានការរឹតបន្តឹងការធ្វើដំណើរបន្ថែមណាមួយត្រូវបានដាក់លើអ្នកធ្វើដំណើរទៅប្រទេសថៃពីចក្រភពអង់គ្លេសនោះទេ ព្រោះយើងបានរក្សាការត្រួតពិនិត្យយ៉ាងតឹងរឹងក៏ដូចជាការដាក់ឱ្យនៅដាច់ឆ្ងាយសម្រាប់អ្នកដំណើរដែលធ្វើដំណើរមកប្រទេសថៃទាំងអស់។
គួរបញ្ជាក់ផងដែរថា កាលពីចុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះមានប្រទេសជាង ៤០ បានផ្អាកជើងហោះហើរជាមួយចក្រភពអង់គ្លេស ដោយសារតែការព្រួយបារម្ភពីការរីករាលដាលនៃវីរុស Covid-19 ទម្រង់ថ្មី។ ក្នុងនោះជើងហោះហើរពីចក្រភពអង់គ្លេសត្រូវបានផ្អាកទៅកាន់ទឹកដីនៅទូទាំងពិភពលោកក្នុងនោះរួមមាន អេស្ប៉ាញ ឥណ្ឌា និងហុងកុង ខណៈប្រទេសបារាំងបានបិទព្រំដែនរបស់ខ្លួនជាមួយចក្រភពអង់គ្លេសរយៈពេល ៤៨ម៉ោង ដោយមិនអនុញ្ញាតឲ្យឡានដឹកទំនិញ ឬ ទូកអាចចូលចត ឬ ចាកចេញពីកំពង់ផែបានឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger


