នាយករដ្ឋមន្រ្តីថៃ៖ រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់ ដើម្បីជួយផ្នែកហិរញ្ញវត្ថុដល់ប្រជាជនដែលរងផលប៉ះពាល់ដោយវីរុស Covid-19 ចំនួន ៤០ លាននាក់
សេដ្ឋកិច្ច January 8, 2021 Khmernote

យោងតាមនាយករដ្ឋមន្រ្តីថៃលោក ប្រាយុធ ចានអូចា​ បានឲ្យដឹងថា ប្រទេសថៃនឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រជាជនចំនួន ៤០លាននាក់ដែលបានបាត់បង់ប្រាក់ចំណូល ដោយសារផលប៉ះពាល់នៃវិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ របស់ក្រសួងសុខាភិបាល។ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងបែននេះនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ ប៉ុន្តែមិនបានបង្ហាញក្រុមប្រជាជន ដែលទទួលបានអត្ថប្រយោជន៍ ឬ ទម្រង់គាំទ្រផ្នែកហិរញ្ញវត្ថុនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា រដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់ជួយដល់អ្នកដែលរងគ្រោះ។

គួរឲ្យដឹងផងដែរថា កាលពីដើមខែឧសភាកន្លងទៅនេះ រដ្ឋាភិបាលថៃបានបើកកញ្ចប់ប្រាក់កម្ចីបន្ទាន់ដែលមានតម្លៃ ១ ទ្រីលានបាត (៣៣ ពាន់លានដុល្លារ) រួមទាំងថវិកាចំនួន ៦០០ ពាន់លានបាត ដើម្បីគាំទ្រដល់ប្រជាជន និងអាជីវកម្មដែលរងផល ប៉ះពាល់ ដោយសារវីរុស Covid-19។ ទន្ទឹមនឹងនេះ ស្ថានភាពប្រទេសនាពេលបច្ចុប្បន្ន បើយោងតាមក្រឹត្យគ្រាអាសន្ន អាជ្ញាធរបានចាត់ថ្នាក់តំបន់ចំនួន ២៨ ជា “តំបន់ក្រហម” រហូតដល់ថ្ងៃទី០១ ខែកុម្ភះ ដែលនេះមានន័យថា វិស័យអាជីវកម្មដែលមានហានិភ័យខ្ពស់ត្រូវបានផ្អាក ហើយតំបន់ជាច្រើនទៀតត្រូវបានរឹតត្បិតរួមទាំងសេវាកម្មម្ហូបអាហារផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus