សហគមន៍អេកូទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹង កំពុងមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរចូលទស្សនាសត្វទោចថ្ពាល់លឿង ដែលអាចជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍។ លោក សូត្រ វ៉ានឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមារបស់អង្គការ WCS បានប្រាប់វិទ្យុជាតិឱ្យដឹងថា « ភ្ញៀវទេសចរជាច្រើននាក់ បានចូលទៅទស្សនាតំបន់សហគមន៍អេកូទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹងមិនចេះដាច់ជារៀងរាល់ថ្ងៃ »។ លោកបានបន្តថា « ប្រជាសហគមន៍ ក៏អាចរកចំណូលបានពីតំបន់ទេសចរណ៍នេះតាមរយៈការបម្រើសេវាកម្មជូនភ្ញៀវចូលក្នុងព្រៃទៅទស្សនាសត្វទោចថ្ពាល់លឿង និងប្រភេទសត្វព្រៃជាច្រើនផ្សេងទៀត ហើយក៏មានសេវាកម្មម្ហូបអាហារនិងស្នាក់នៅផងដែរ »។
លោកបានបន្តទៀតថា « បន្ទាប់ពីបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹងនេះឡើង គឺប្រជាសហគមន៍គាត់មានជីវភាពធូរធារជាងមុន។ បន្ថែមពីនេះក្រុមប្រជាសហគមន៍មានស្មារតីរួមគ្នាថែ រក្សាការពារសត្វព្រៃនានានៅក្នុងតំបន់នេះដូចជា ការដើរល្បាតព្រៃដើម្បីទប់ស្កាត់ការបាញ់សត្វព្រៃខុសច្បាប់ និងទប់ស្កាត់មិនឱ្យមានករណីកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលនាំឱ្យបាត់បង់ជម្រកសត្វព្រៃ »។

លោកបន្ថែមថា « ចំពោះសហគមន៍អេកូទេសចរណ៍នៅក្នុងឃុំអណ្ដូងក្រឡឹង គាត់រៀបចំអេកូទេសចរណ៍សត្វទោចដែលជាសត្វកម្រ ហើយមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា អ៊ីចឹងគេបានបង្កើតអេកូទេសចរណ៍ ហើយរាល់ថ្ងៃនេះសហគមន៍នេះដំណើរការល្អមានការរីកចម្រើនគួរសម ហើយមកដល់បច្ចុប្បន្នគាត់បានទទួលអត្ថប្រយោជន៍ពីសហគមន៍សត្វទោចនឹងច្រើន គឺភ្ញៀវទេសចរអន្តរជាតិគាត់មកទស្សនាដែលមានការរៀបចំជាផ្ទះសំណាក់ជាម្ហូបអាហារ ហើយគាត់អាចទស្សនាមើលសត្វទោច »។

ជាមួយគ្នានេះ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានប្រាប់ឱ្យដឹងផងដែរថា សហគមន៍អេកូទេសចរណ៍ធម្មជាតិអណ្តូងក្រឡឹងបានដំណើរការយ៉ាងល្អប្រសើរ ដែលអាចឱ្យភ្ញៀវទេសចរមកទស្សនា និងស្តាប់សំនៀងដ៏ពីរោះរណ្តំរបស់សត្វទោចថ្ពាល់លឿងនៅជំរំ Jahoo Gibbon និងមើលសត្វជាច្រើនទៀត ហើយសត្វទោចថ្ពាល់លឿងវាចូលចិត្តរស់នៅលើដើមឈើខ្ពស់ៗ ចិញ្ចឹមជីវិតដោយស៊ីស្លឹកឈើ និងផ្លែឈើជាចំណីអាហារ។ លោកបន្តថា សត្វនេះតែងតែបញ្ចេញសំឡេងឆ្លើយឆ្លងគ្នាបង្កើតជាចម្រៀងយ៉ាងគ្រលួចនាពេលព្រឹកព្រលឹម។

ក្នុងឆ្នាំ ២០២១នេះ លោកគិតថាបើសិនជាសភាពការណ៍វិលទៅរកសភាពដើមវិញ ពាក់ព័ន្ធនឹងការថយចុះកូវីដ-១៩ យើងគិតថាចំណូលនឹងមានការកើតឡើងវិញ ហើយសូមអំពាវនាវដល់ភ្ញៀវជាតិសូមឱ្យមានការចាប់អារម្មណ៍ជួយទៅដល់សហគមន៍ទេសចរណ៍អណ្តូងក្រឡឹងយើង។

សូមបញ្ជាក់ថា នៅប្រទេសកម្ពុជាមានវត្តមានសត្វទោចថ្ពាល់លឿងជាច្រើន ដោយក្នុងដែនជម្រកសត្វព្រៃកែវសីមាមានវត្តមានសត្វប្រភេទនេះច្រើនជាងគេបំផុត ដែលតាមការប៉ាន់ស្មានមានប្រហែល ៦៦៩ក្រុម៕
ប្រភព៖ ក្រសួងព័ត៌មាន


