បរិមាណផលស្រូវខេត្ដកំពង់ស្ពឺក្នុងឆ្នាំ ២០២០ មានការកើនឡើងបើទោះបីជាប្រឈមជំនន់ទឹកភ្លៀង និងជំងឺកូវីដ-១៩ ក៏ដោយ
សេដ្ឋកិច្ច January 8, 2021 Chan Sreyny

បរិមាណផលស្រូវខេត្ដកំពង់ស្ពឺ ក្នុងឆ្នាំ ២០២០ មានការកើនឡើងជាងឆ្នាំ ២០១៩ បើទោះបីជួបបញ្ហាគ្រោះទឹកជំនន់ទឹកភ្លៀង និងជំងឺកូវីដ-១៩ ក៏ដោយ។ លោក ឈៀង តុលា ប្រធានមន្ទីរកសិកម្មខេត្ដកំពង់ស្ពឺបានឱ្យដឹងថា ការប្រមូលផលស្រូវរដូវវស្សាក្នុងឆ្នាំ ២០២០ នេះគឺបានរួចរាល់ ១០០% ហើយលើផ្ទៃដី ១២១,២៩០ហិកតា និងទទួលបានបរិមាណផលសរុប ៣៨៤,៤៥៩តោន បើប្រៀបធៀបនឹងឆ្នាំ ២០១៩ កើនឡើងជាង ៥% ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ការកើនឡើងបរិមាណផលស្រូវនេះដោយសារតែខេត្ដកំពង់ស្ពឺឆ្នាំនេះ មានរបាយទឹកភ្លៀងល្អចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ដែលធ្វើឱ្យស្រូវល្អជាងឆ្នាំមុនបើទោះបីជាប្រឈមជំនន់ទឹកភ្លៀង និងជំងឺកូវីដ-១៩ ក៏ដោយ។

លោកបានបន្ថែមថា « ជាទិន្នផលឆ្នាំនេះបើប្រៀបធៀបឆ្នាំ ២០១៩ កន្លងមក ដូចជាខ្ពស់ជាងឆ្នាំទៅខ្ពស់ជាងល្អជាង ទោះបីជាប្រឈមជំនន់ទឹកភ្លៀងហើយបរិបទការឆ្លងរាលត្បាតជំងឺកូវីដ-១៩ ក៏មិនប៉ះពាល់ដល់ដំណើរការធ្វើស្រូវអង្ករនោះទេ »។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានធ្វើឱ្យខូចខាតផ្ទៃដីដាំដុះស្រូវចំនួន ៦០១ហិកតា ខណៈដែលទិន្នផលស្រូវជាមធ្យមទទួលបានប្រមាណ ៣,១៨៦ គីឡូក្រាមក្នុងមួយហិកតា៕

ប្រភព៖ ក្រសួងព័ត៌មាន