កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha បានបញ្ជាក់សាជាថ្មីថា ប្រជាជនពាក់កណ្តាលនៃប្រទេសថៃ នឹងទទួលបានវ៉ាក់សាំងការពារជំងឺ Covid-19 ដោយឥតគិតថ្លៃនៅឆ្នាំនេះ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅពេលដែលប្រទេសថៃត្រៀមនឹងចាក់វ៉ាក់សាំងការពារជំងឺ Covid-19 ដំបូងនៅខែក្រោយនេះលោកនាយករដ្ឋមន្រ្តីបានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោក នូវផែនការរយៈពេលវែងដើម្បីធានាថាប្រជាជនថៃនឹងទទួលបានវ៉ាក់សាំងដែលមានតំលៃសមរម្យ និងវ៉ាក់សាំងដែលផលិតក្នុងស្រុក។
លោក Prayut បាននិយាយថា ប្រទេសនេះនឹងទទួលបានវ៉ាក់សាំងចំនួន ២០០,០០០ ដូសដំបូងដែលផលិតដោយក្រុមហ៊ុនឱសថចិន Sinovac នៅក្នុងខែកុម្ភៈ ហើយពួកគេត្រូវបានបម្រុងទុកសម្រាប់បុគ្គលិកពេទ្យជួរមុខ និងមនុស្សចាស់ដែលមានហានិភ័យខ្ពស់។ ចំណែកវ៉ាក់សាំងចំនួន ៨០០,០០០
និង ១ លានដូសទៀតនឹងមកដល់នៅខែមីនា និងមេសា។

កាលពីមុនរដ្ឋាភិបាលថៃបានបញ្ជាទិញចំនួន ២៦ លានដូសពីក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនអង់គ្លេស-ស៊ុយអ៊ែត ហើយថ្មីៗនេះបានស្វែងរកទិញចំនួន ៣៥ លានដូសទៀត។ លោក Prayut បានធានាអះអាងថា អាជ្ញាធរ និងវិស័យសុខាភិបាលសាធារណៈបានរៀបចំសម្រាប់ការស្រាវជ្រាវ និងផលិតកម្មវ៉ាក់សាំងការពារជំងឺ Covid-19 ។

លោក Prayut បានបន្តថា ក្រុមហ៊ុនផលិតឱសថក្នុងស្រុកនៅ Siam Bioscience បានទទួលសម្បទានពីសាកលវិទ្យាល័យ Oxford / AstraZeneca ដើម្បីផលិតវ៉ាក់សាំងទាំងនេះ ដោយមានគម្រោងផលិតវ៉ាក់សាំងចំនួន ២០០ លានក្នុងមួយឆ្នាំ។ លោក Prayut បានបន្ថែមថា វិទ្យាស្ថានវេជ្ជសាស្ត្រនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ និងមហាវិទ្យាល័យវិទ្យាសាស្ត្រឱសថ សាកលវិទ្យាល័យ Chulalongkorn ក៏មានគម្រោងផលិតរូបមន្តវ៉ាក់សាំងផ្ទាល់ខ្លួនផងដែរ។

គួរឱ្យដឹងផងដែរថា នៅថ្ងៃទី ៧ ខែមករា ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ៣០៥ ករណីដែធ្វើឱ្យចំនួនអ្នកឆ្លងសរុបបានកើនឡើងដល់ ៩,៦៣៦ នាក់និង ៦៧ នាក់បានស្លាប់៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


