ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សាងសង់បានប្រមាណ ៣០% ហើយ
សេដ្ឋកិច្ច January 6, 2021 Chan Sreyny

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្ដម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិលកម្ពុជាមានប្រសាសន៍ថា បើទោះបីកម្ពុជាបានជួបវិបត្ដិកូវីដ-១៩ ក្ដីវាគ្រាន់តែប៉ះពាល់ដល់ភ្ញៀវទេសចរប៉ុណ្ណោះ ប៉ុន្ដែការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាល នៅតែដំណើរការជាធម្មតាពោលក្រុមហ៊ុនសាងសង់នៅតែបន្តការងារទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលបានគ្រោងទុក។ ឯកឧត្តមបន្តថា កាលពីមានទឹកជំនន់ គឺបានជួបឧបសគ្គតិចតួចបំផុតក្នុងរយៈពេលខ្លីរីឯជំងឺកូវីដ-១៩ មិនមែនជាឧបសគ្គនោះទេ ពោលគឺព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះគ្រោងនឹងរួចរាល់តាមផែនការនៅឆ្នាំ ២០២៣ ដដែល។

ឯឧត្ដមបន្ថែមថា « និយាយពីការអភិវឌ្ឍនោះយើងគិតថា បានខ្ទង់ប្រហែលជិត ៣០% ហើយសម្រាប់អាកាសយានដ្ឋាននៅខេត្តកណ្តាល ចឹងអត់មានអីរំខានទេគឺការងារដំណើរការធម្មតាអត់មានឧបសគ្គអីទេគ្រាន់តែរដូវកាលទឹកលិចមានការប៉ះពាល់តិចតួចលិចកន្លែងធ្វើដំណើរចូលអីតិចតួច ប៉ុន្តែក៏មិនជាបញ្ហាអីធំដុំនោះទេ ចឹងពុំមានការយឺតយ៉ាវទេគឺគិតថាគម្រោងនេះបញ្ចប់ទៅតាមការគ្រោងទុកក្នុងឆ្នាំ ២០២៣ »។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល ស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញមានផ្ទៃដីសរុបចំនួន ២៦០០ហិចតា ដែលគម្រោងសាងសង់នេះមាន ៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៣ ខាងមុខអាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយនឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំដែលវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០ លានដុល្លារអាមេរិក៕

ប្រភព៖ ក្រសួងព័ត៌មាន