យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ពេញមួយឆ្នាំ២០២០ នៅកម្ពុជាមានកម្មករនយោជិតនៅក្នុងវិស័យការងារ និងវិស័យទេសចរណ៍សរុបប្រមាណជាង ៣៤ ម៉ឺននាក់ ដែលបានរងនូវផលប៉ះពាល់នៃវីរុសកូវីដ-១៩ និងទទួលបានសាច់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ បើតាមឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា នេះថា រាជរដ្ឋាភិបាលបានចំណាយថវិកាសរុបជាង ២៣ លានដុល្លារអាមេរិក ដើម្បី ឧបត្ថម្ភដល់កម្មករ នយោជិតទាំងនេះ។
អ្នកនាំពាក្យក្រសួងការងារបានឲ្យដឹងបន្ថែមថា ការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ នយោជិត ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍នេះ បានចាប់ផ្ដើមអនុវត្តពីខែឧសភា ឆ្នាំ២០២០ ស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ ហើយបើគិតមកដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ មានចំនួន ៤៥ លើកហើយ។ ឯកឧត្តម ហេង សួរ បានបន្តថា នៅក្នុងឆ្នាំ២០២០ កន្លងទៅនេះ ការព្យួរការងាររបស់កម្មករ នយោជិត ក្នុងវិស័យការងារ និងវិស័យទេសចរណ៍មិនដូចគ្នាទេ ប៉ុន្តែរយៈពេលនៃការព្យួរការងាររបស់កម្មករ នយោជិត ទាំងពីរវិស័យធំៗនេះ គិតជាមធ្យមមានរយៈពេល ៤សប្ដាហ៍។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ក៏បានប្រកាសជួយដល់វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើង ផលិតផលធ្វើដំណើរ និងវស័យទេសចរណ៍ រយៈពេល ៣ខែ បន្ថែមទៀត ពោលគឺរហូតដល់ខែមីនា ឆ្នាំ២០២១៕

ប្រភព៖ ក្រសួងព័ត៌មាន


