កម្មករនិយោជិតវិស័យកាត់ដេរ និងទេសចរណ៍ដែលបានព្យួរការងារ បន្តទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល
សេដ្ឋកិច្ច January 6, 2021 Chan Sreyny

កម្មករនិយោជិតចំនួន ៨,៤៨៤នាក់ នៃរោងចក្រសហគ្រាសទាំង ៦៦ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលនឹងទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈធនាគារឯកទេសវីងលើកទី៤៥ ។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលវិទ្យុជាតិកម្ពុជាទទួលបានៗឱ្យដឹងថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារក្នុងនោះចំនួន ៦០,០០០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ ថ្ងៃដល់ ១០ ថ្ងៃ ចំណែកឯ ១២០,០០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ ថ្ងៃដល់ ២០ ថ្ងៃ និង ១៦០,០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ ថ្ងៃដល់ ១ ខែ។

សូមបញ្ជាក់ថា ដើម្បីបើកប្រាក់ឧបត្ថម្ភនេះបងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រសហគ្រាសទាំង ៦៦ នេះមិនបានទទួលសារទូរសព្ទពីធនាគារឯកទេសវីង សូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រសហគ្រាសរបស់ខ្លួន។

សូមបញ្ជាក់ថា សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល ២ ខែប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា ២ លើកដោយលើកទី២ នឹងបើកនៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១៕

ប្រភព៖ ក្រសួងព័ត៌មាន