គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារបានអនុម័តថវិកាចំនួន ១.៣ ពាន់លានបាត (ជាង ៤៣ លានដុល្លារ) ដើម្បីទិញវ៉ាក់សាំងការពារជំងឺ Covid-19 ចំនួន ២ លានដូសដែលផលិតដោយ Sinovac របស់ប្រទេសចិន។ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha បាននិយាយថា « វ៉ាក់សាំងចំនួន ២០០,០០០ ដូសដំបូងគួរតែមកដល់ប្រទេសថៃក្នុងខែកុម្ភៈ បន្ទាប់មកចំនួន ៨០០.០០០ ផ្សេងទៀតនៅចុងខែមីនា និង ១ លានដូសនៅចុងខែមេសា »។
រដ្ឋាភិបាលថៃ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការទិញវ៉ាក់សាំងរបស់ Oxford/AstraZeneca ចំនួន ៣៥ លានដូសបន្ថែមទៀត ដែលគ្រោងនឹងមកដល់នៅខែឧសភា ឬខែមិថុនា។ លោក Prayut បាននិយាយថា « ចំនួនវ៉ាក់សាំងការពារជំងឺ Covid-19 សរុបដែលត្រូវបានបញ្ជាទិញគឺគ្រប់គ្រាន់សម្រាប់ប្រជាជន ៦០ លាននាក់ដែលនឹងទទួលបានចំនួន ២ ដូសក្នុងមនុស្សម្នាក់ »។

លោក Prayut ក៏បានបញ្ជាក់ផងដែរថា វ៉ាក់សាំងការពារជំងឺ Covid-19 ទាំងអស់ដែលត្រូវបានបញ្ជាទិញត្រូវតែមានការយល់ព្រមពីអាជ្ញាធរសុខភាពថៃ និងអន្តរជាតិ៕

អត្ថបទ៖ នីតា
ប្រភព៖ nationthailand


