ប្រទេសឥណ្ឌានឹងមិនអនុញ្ញាតឲ្យនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca របស់សាកលវិទ្យាល័យ Oxford ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះទេ នេះបើយោងតាមការលើកឡើងរបស់ប្រធានវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌាដែលបានចុះកិច្ចសន្យាបង្កើតវ៉ាក់សាំងចំនួន ១ ពាន់លានដូសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរ ដោយមានបណ្ដាប្រទេសអ្នកមានបម្រុងទុកវ៉ាក់សាំងភាគច្រើនពីក្រុមហ៊ុននានាដែលនឹងត្រូវបង្កើតឡើងនៅឆ្នាំនេះ វិទ្យាស្ថាន Serum ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងធំជាងគេលើពិភពលោក ទំនងជានឹងបង្កើតការចាក់ថ្នាំបង្ការភាគច្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នោះការហាមឃាត់ការនាំចេញមានន័យថា ប្រទេសដែលក្រីក្រប្រហែលជាត្រូវរង់ចាំពីរបីខែ មុនពេលទទួលការចាក់លើកដំបូង។
លោក Adar Poonawalla នាយកប្រតិបត្តិនៃវិទ្យាស្ថានបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា វ៉ាក់សាំងនេះត្រូវបានផ្តល់ការអនុញ្ញាតជាបន្ទាន់ពីនិយតករឥណ្ឌាកាលពីថ្ងៃអាទិត្យ ប៉ុន្តែនៅក្នុងលក្ខខណ្ឌដែលវិទ្យាស្ថាន Serum មិននាំចេញការចាក់ថ្នាំបង្ការ គឺដើម្បីធានាថាប្រជាជនងាយរងគ្រោះនៅក្នុងប្រទេសឥណ្ឌាត្រូវបានការពារ។ លោកបន្តថា ក្រុមហ៊ុនក៏ត្រូវបានហាមឃាត់មិនឱ្យលក់វ៉ាក់សាំងនៅលើទីផ្សារឯកជនផងដែរ។
ទន្ទឹមនឹងនេះ លោក Poonawalla បាននិយាយថា វិទ្យាស្ថាន Serum បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការនៃការចុះកិច្ចសន្យាធំមួយជាមួយក្រុមហ៊ុន THEAX សម្រាប់វ៉ាក់សាំងចំនួន ៣០០ លានទៅ ៤០០ លានដូស។ នោះ គឺក្រៅពីការបញ្ជាទិញដែលមានស្រាប់ចំនួន ១០០ លានដូសនីមួយៗ សម្រាប់វ៉ាក់សាំងដែលបង្កើតដោយសាកលវិទ្យាល័យ Oxford និង AstraZeneca និងមួយផ្សេងទៀតមកពី Novovax ដោយកិច្ចព្រមព្រៀងនេះនឹងត្រូវបញ្ចប់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោកក៏បានបញ្ជាក់ផងដែរថា វ៉ាក់សាំង ១០០ លានដូសដំបូងត្រូវបានលក់ទៅឱ្យរដ្ឋាភិបាលឥណ្ឌាក្នុងតម្លៃពិសេស ២០០ រូពី (២.៧៤ ដុល្លារអាមេរិក) ក្នុងមួយដូស បន្ទាប់មកតម្លៃនឹងខ្ពស់ជាងនេះ។ ដោយឡែកវ៉ាក់សាំងនេះនឹងត្រូវដាក់លក់នៅលើទីផ្សារឯកជនក្នុងតម្លៃ ១០០០ រូពី (១៣.៦៨ ដុល្លារអាមេរិក) ក្នុងមួយដូស។ លោក Poonawalla បានលើកឡើងផងដែរថា បើទោះជាផែនការទាំងអស់របស់ក្រុមហ៊ុនផលិតវ៉ាក់សាំងការពារពិភពលោកផ្សេងៗ ទទួលជោគជ័យក៏ដោយក៏លោកនៅតែរំពឹងថានឹងមានការខ្វះខាតជាសកលសម្រាប់ការចាក់វ៉ាក់សាំងជំងឺ Cpvid-19 នៅឆ្នាំក្រោយនេះ៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


