ស្ពានអាកាសថ្មើរជើងផ្សារត្រាំខ្នានៅតែបន្តសាងសង់ ទោះបីជាមានការស្នើសុំឱ្យបញ្ឈប់គម្រោងក្រោមហេតុផលថា នឹងធ្វើឱ្យបាត់សោភ័ណភាពទីប្រជុំជននៅតំបន់នោះ
សេដ្ឋកិច្ច January 5, 2021 Khmernote

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ស្ពានអាកាសថ្មើរជើងផ្សារត្រាំខ្នាកាត់ទទឹងផ្លូវជាតិលេខ៣ នៅតែស្ថិតក្នុងបន្ទុកនៃការសាងសង់ បើទោះបីជាមានការស្នើសុំឱ្យបញ្ឈប់គម្រោង ក្រោមហេតុផលថានឹងធ្វើឱ្យបាត់សោភ័ណភាពទីប្រជុំជននៅតំបន់នោះ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះពិនិត្យស្ថានភាពគម្រោងសាងសង់ផ្លូវជាតិលេខ៣ នៅចំណុចស្ពាន៧មករា កាលពីថ្ងៃទី៤ ខែមករា ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងស្ថាបនាស្ពានអាកាសសម្រាប់អ្នកថ្មើរជើងឆ្លងកាត់នេះនៅតែបន្តសាងសង់ ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋពីគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ ខណៈផ្លូវនេះមានទទឹងរហូតដល់២៤,៥ម៉ែត្រ និងមានទ្រូងផ្លូវចែកទិសចរាចរណ៍តាមបណ្តោយផ្លូវប្រវែង១០០ម៉ែត្រ ដែលបង្កផលវិបាកដល់ប្រជាពលរដ្ឋដើរឆ្លងកាត់។

ផ្លូវជាតិលេខ៣ ប្រវែងសរុបជាង ១៣៤គីឡូម៉ែត្រ ក្នុងនោះប្រវែង ៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគូស មានទទឹង ២៤,៥ម៉ែត្រ ត្រូវសាងសង់ជាផ្លូវ៤គន្លង ដោយ២ទៅ២មក មានសួនច្បារកណ្តាល និងចាប់ពីបែកគូសដល់ទីរួមខេត្តកំពតប្រវែងជាង ៦៥គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង ១ទៅ១មក ដោយសារទទឹងផ្លូវមានតែ១២ម៉ែត្រ និងក្រាលបេតុងកៅស៊ូ AC កម្រាស់៧០មីលីម៉ែត្រ។

គម្រោងនេះ គ្រោងចំណាយថវិកាសរុបប្រមាណជាង ២១៩លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាងសង់ដោយក្រុម ហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា មកទល់ពេលនេះ គម្រោងធ្វើឱ្យល្អប្រសើរឡើងផ្លូវនេះ សម្រេចការស្ថាបនាជាង ៩០ភាគរយហើយ ដោយនឹងចប់រួចរាល់ជាស្ថាពរនៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ ពោលគឺ មុនផែនការគ្រោងទុក។ ឯកឧត្តមបន្តថា តាមបណ្តោយផ្លូវជាតិនេះ នឹងមានដាក់កាម៉េរាចាប់ល្បឿនលើសកំណត់ជាង ១០កន្លែង និងមានបង្កប់ជញ្ជីងថ្លឹងទម្ងន់រថយន្តក្រោមដី ព្រមទាំងសាងសង់ផ្លូវសម្រាប់អនុញ្ញាតឱ្យត្រឡប់ក្រោយផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន