គម្រោងអាកាសយានដ្ឋានសាប៉ា ដែលមានសមត្ថភាពដឹកអ្នកដំណើរបាន ៣ លាននាក់ក្នុងមួយឆ្នាំ អាចនឹងចាប់ផ្ដើមសាងសង់ឆាប់ៗនេះ
សេដ្ឋកិច្ច January 5, 2021 Khmernote

ក្រសួងដឹកជញ្ជូនវៀតណាម យល់ព្រមវាយតម្លៃ ដើម្បីត្រៀមចាប់ផ្ដើមការសាងសង់អាកាសយានដ្ឋាន សាប៉ា ( SaPa) ដែលបានស្នើឡើងដោយភាគខាងជើងនៃខេត្ត Lao Cai ។ ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានចាត់តាំងក្រសួងផែនការ និងវិនិយោគដើម្បីវាយតម្លៃគម្រោង និងធ្វើសេចក្តីសន្និដ្ឋានពាក់ព័ន្ធទៅនឹងការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីលើគោលនយោបាយវិនិយោគ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ខេត្ត Lao Cai បានស្នើសាងសង់ព្រលានយន្តហោះនៅទីប្រជុំជន សាប៉ា ក្នុងឆ្នាំ២០១៨ ដោយចំណាយថវិកាសរុបជិត ៥.៨ ទ្រីលានដុង (២៥២ លានដុល្លារ) ដល់ក្រសួងដឹកជញ្ជូន។

ប្រភពដដែលបានឲ្យដឹងថា អាកាសយានដ្ឋាននេះ គ្របដណ្តប់លើផ្ទៃដី ៣៧១ ហិកតានៅឃុំ Cam Con ស្រុក Bao Yen ដែលនឹងត្រូវសាងសង់ដោយផ្សារភ្ចាប់ជាមួយនឹងផ្លូវរត់ និងផ្លូវ ២ខ្សែភ្ជាប់ទៅនឹងផ្លូវល្បឿនលឿន Noi Bai – Lao ។ គម្រោងទាំងមូលនឹងមានរយៈពេល ៥០ ឆ្នាំ ដោយដំណាក់កាលសាងសង់មានរយៈពេល ៤ ឆ្នាំក្រោមភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន។

ជាមួយគ្នានេះ យោងតាមផែនការដឹកជញ្ជូនអាកាសចរណ៍ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្រ្តីរហូតដល់ឆ្នាំ២០២០ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅឆ្នាំ២០៣០ អាកាសយានដ្ឋានដែលត្រូវបានបញ្ចប់នឹងមានសមត្ថភាពអាចដឹកអ្នកដំណើរបាន ៣ លាននាក់ក្នុងមួយឆ្នាំ។ ជាពិសេសមានទីតាំងស្ថិតនៅលើច្រករបៀងសេដ្ឋកិច្ចនៃខេត្ត Kunming – Lao Cai – Hanoi – Hai Phong, Lao Cai គឺជាខ្សែក្រវ៉ាត់សេដ្ឋកិច្ចដែលផ្អែកលើការអភិវឌ្ឍពាណិជ្ជកម្ម ក្នុងចំណោមខេត្តនានានៅភាគនិរតីនៃប្រទេសចិន។ ខណៈបច្ចុប្បន្ននេះប្រព័ន្ធដឹកជញ្ជូនខេត្តរួមបញ្ចូលតែផ្លូវថ្នល់ និងផ្លូវដែកប៉ុណ្ណោះ។ ដូច្នេះអាកាសយានដ្ឋានមួយនេះត្រូវបានគេមើលឃើញថា មានសារៈសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញដឹកជញ្ជូនក្នុងស្រុក បង្កើតបានជាក្បាលម៉ាស៊ីនថ្មីសម្រាប់ការអភិវឌ្ឍ Lao Cai និងតំបន់ភ្នំភាគពាយព្យ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus