ទីក្រុងហូជីមិញ បានកំណត់គោលដៅជំរុញការនាំចេញផលិតផលសំខាន់ៗរបស់ខ្លួននៅឆ្នាំនេះ និងលើសពីនេះតាមរយៈសកម្មភាពជំរុញពាណិជ្ជកម្ម និងជំនួយដល់សហគ្រាស។ យោងតាមការស្ទង់មតិថ្មីៗនេះ របស់ក្រុមហ៊ុនកែច្នៃផលិតកម្មដែលធ្វើឡើងដោយការិយាល័យស្ថិតិក្រុងបានឱ្យដឹងថា អ្នកឆ្លើយតប ៣៥.៧% ជឿជាក់ថាអាជីវកម្ម និងផលិតកម្មនឹងមានភាពល្អប្រសើរនៅក្នុងត្រីមាសទី១ ឆ្នាំ ២០២១ បើប្រៀបធៀបទៅនឹងត្រីមាសចុងក្រោយនៃឆ្នាំ ២០២០ ខណៈ ២៩.៩% ព្យាករណ៍ថា ចំនួនការបញ្ជាទិញការនាំចេញនឹងកើនឡើង ហើយ ៤៤.៥% ជឿជាក់ថាចំនួននឹងនៅតែមានស្ថេរភាព។
ប្រធានការិយាល័យស្ថិតិវៀតណាមលោក Huynh Van Hung បានថ្លែងថា « ជំងឺ Covid-19 ត្រូវបានទប់ស្កាត់នៅទូទាំងប្រទេសវៀតណាមដែលជាហេតុធ្វើឱ្យវិស័យផលិតកម្មបង្ហាញសញ្ញាងើបឡើងវិញ។ ទោះយ៉ាងណា សហគ្រាសក្នុងស្រុកនៅតែបន្តប្រឈមមុខនឹងការលំបាកដោយសារប្រទេសពាណិជ្ជកម្មធំៗជាច្រើនមិនទាន់បើកទីផ្សាររបស់ខ្លួន »។ លោកបានកត់សម្គាល់ថា សហគ្រាសត្រូវការការគាំទ្រចម្រុះ និងយូរអង្វែងទាក់ទងនឹងព័ត៌មានស្តីពីអ្នកនាំចូលវត្ថុធាតុដើម និងឥន្ធនៈទីផ្សារ និងដៃគូថ្មីៗ និងវិធានការណ៍ជំរុញការប្រើប្រាស់ក្នុងស្រុក។

គួរឱ្យដឹងផងដែរថា ទីផ្សារនាំចេញសំខាន់ៗរបស់វៀតណាមនៅតែមានដូចជា៖ ប្រទេសចិន អាមេរិក និងជប៉ុន។ ការនាំចេញទៅប្រទេសចិនមានតម្លៃ ១០.៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០ គឺកើនឡើង ២៣.៧% បើធៀបនឹងឆ្នាំ ២០១៩។ ការនាំចេញទៅអាមេរិកមានចំនួន ៦.៧ ពាន់លានដុល្លារធ្លាក់ចុះ ០.២% និងជប៉ុនមានចំនួន ២.៨ ពាន់លានដុល្លារធ្លាក់ចុះ ១៦% ៕

អត្ថបទ៖ នីតា
ប្រភព៖ vietnamplus


