គិតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៣ សម្រេចបាន ៩០​% ហើយនឹងបញ្ចប់មុនការ​គ្រោងទុកមួយឆ្នាំ
សេដ្ឋកិច្ច January 5, 2021 Chan Sreyny

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា
គម្រោង​សាងសង់ផ្លូវជាតិលេខ៣ ចោមចៅ-បែកគុស-ទីរួមខេត្តកំពត សម្រេច​បាន ៩០​% គិតត្រឹមខែមករា ឆ្នាំ ២០២១ នេះនឹងបញ្ចប់មុនការ​គ្រោងទុកមួយឆ្នាំគឺបញ្ចប់នៅត្រឹមខែកញ្ញា ឆ្នាំ ២០២១ (មុនកាលកំណត់រយៈពេលមួយឆ្នាំ) ដោយសារមានកិច្ច​សហការល្អរវាងភាគីពាក់ព័ន្ធ និងការខិតខំរបស់ក្រុមហ៊ុន។

ការលើកឡើងរបស់ឯកឧត្ដមរដ្ឋ​មន្រ្ដីនេះ ក្នុងពេលដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ និងចុះពិនិត្យការដ្ឋានសាងសង់កំពង់ផែនៅខេត្តកំពត ដោយមានការចូលរួមពី​មន្ត្រីជំនាញ អាជ្ញាធរដែនដី តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២១ នេះបើយោងតាមក្រសួងសាធាណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានលើកឡើងថា ការចុះពិនិត្យនេះធ្វើឡើងក្នុង​គោលបំណងពិនិត្យមើលគុណភាព និងវឌ្ឍនភាពនៃ​ការ​សាងសង់ថាតើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគោរពតាមបទដ្ឋាន​បច្ចេក​ទេស និងសៀវភៅបន្ទុកដែល​បាន​កំណត់ដែរ ឬយ៉ាងណាក៏ដូចជាដើម្បីស្វែងរក​ដំណោះ​ស្រាយ និងផ្ដល់អនុសាសន៍ដល់​ភាគីសាងសង់ផ្លូវនេះសំដៅឱ្យការសាងសង់ផ្លូវកាន់​តែមានគុណភាពថែមទៀត។

ឯកឧត្ដម​ទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសាងសង់ផ្លូវជាតិលេខ៣ គឺត្រូវតែអនុវត្តន៍តាមស្តង់ដារ​បច្ចេក​ទេសសាងសង់ គុណភាពសំណង់ និងស្តង់ដារសុវត្ថិភាពដោយបំពាក់ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវថ្នល់ឱ្យបានគ្រប់ជ្រុងជ្រោយទាំងភ្លើងសញ្ញា ផ្លាកសញ្ញា គំនូសសញ្ញា ការបើករបាំង​សម្រាប់បត់ត្រឡប់ក្រោយ (U-Turn) និងស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅ​តាម​ទីតាំងចាំបាច់ និងស្របតាមបច្ចេកទេសជាដើមក្នុងទិសដៅរក្សាបាននូវល្បឿនអតិបរិមា​ដែលបានកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានកាន់តែច្រើនតាមដែលអាច​ធ្វើ​បាន។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ដថា ក្រសួងគ្រោងបំពាក់ជញ្ជីងលើជញ្ជីងដែលមានស្រាប់ ដើម្បីឱ្យមានស្ថានីយជញ្ជីងនៅសងខាងផ្លូវទាំងពីរសំដៅសម្រួលដល់ការធ្វើចរាចរណ៍ និង​ការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៃច្បាប់។

សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញ​ទៅ​ក្រុងកំពតដែលមានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រនេះត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង ៧០គីឡូម៉ែត្រ ពង្រីក​ទទឹងតួផ្លូវរហូតដល់ ២៤.៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ ចែក​ចេញ​ជា ៤គន្លង (២គន្លងទៅ ២គន្លងមក)។

ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង ​៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ AC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ចែកជា ២គន្លង។ គម្រោងនេះ ចំណាយថវិកាសរុបប្រមាណ ២១៩,៩១១,០០០ ដុល្លារ​អាម៉េរិកជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹង​ថវិកា​​បដិ​ភាគ​​របស់រាជរដ្ឋាភិបាលកម្ពុជាសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​សំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ប្រើ​ប្រាស់​រយៈពេលសាងសង់ ៤៨ខែ៕

ប្រភព៖ ក្រសួងព័ត៌មាន