ប្រទេសឥណ្ឌាកាលពីថ្ងៃអាទិត្យកន្លងទៅនេះបានផ្ដល់ការយល់ព្រមជាបន្ទាន់ចំពោះវ៉ាក់សាំងដំបូងរបស់ខ្លួនរហូតដល់ទៅពីរវ៉ាក់សាំង ដោយសារតែប្រទេសនេះ ត្រៀមអនុវត្តកម្មវិធីចាក់វ៉ាក់សាំងដែលមិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសដែលមានប្រជាជនចំនួនជាង ១.៣ ពាន់លាននាក់។ វ៉ាក់សាំងចំនួនពីរដែលប្រទេសនេះរួមមាន Oxford-AstraZeneca និងវ៉ាក់សាំងផលិតក្នុងស្រុក Covaxin ដោយការប្រកាសអំពីការអនុម័តរបស់ឥណ្ឌាចំពោះវ៉ាក់សាំង Oxford-AstraZeneca បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីនិយ័តករនៅក្នុងប្រទេសអង់គ្លេសបានផ្តល់ឱកាសដល់ពួកគេ ដើម្បីចាក់វ៉ាក់សាំងនេះ និងជាការបោះជំហានទៅមុខដ៏ធំមួយសម្រាប់ប្រទេសដែលរងផលប៉ះពាល់ដ៏អាក្រក់បំផុតទី២ លើពិភពលោកដោយជំងឺរាតត្បាត Covid-19។
ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌាមានគោលបំណងចាត់ចែងវ៉ាក់សាំងដល់ប្រជាជនចំនួន ៣០០ លាននាក់នៅដំណាក់កាលដំបូង ហើយការដាក់ឱ្យប្រើប្រាស់អាចចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោក Harsh Vardhan រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា វ៉ាក់សាំងទាំងនេះនឹងត្រូវផ្តល់ជូនដោយមិនគិតថ្លៃ ដល់បុគ្គលិកពេទ្យចំនួន ៣០ លាននាក់ និងបុគ្គលិកសំខាន់ៗដទៃទៀតដែលនឹងក្លាយជាអ្នកដំបូងគេដែលត្រូវទទួលបានការចាក់វ៉ាក់សាំង។

ក្នុងការដាក់ឱ្យប្រើប្រាស់កម្មវិធីចាំក់វ៉ាក់សាំងនេះក្រៅពីផ្ដល់ដល់បុគ្គលិកសុខាភិបាលចំនួន ៣០ លាននាក់ ប្រទេសឥណ្ឌានឹងចាក់វ៉ាក់សាំងដល់អ្នកដំបូងបង្អស់ផ្សេងទៀតរួមមាន ប៉ូលីស និងកងកម្លាំងប្រដាប់អាវុធ។ ហើយការចាក់នេះនឹងត្រូវអនុវត្តលើបុគ្គលដែលមានអាយុលើសពី ៥០ឆ្នាំ និងអ្នកដែលមានលក្ខខណ្ឌរួម ប្រមាណ២៧០ លាននាក់ផ្សេងទៀត

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាស្ថិតនៅលំដាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លងវីរុស Covid-19 ជាង ១០ លានករណី ខណៈប្រជាជនជាង ១៤៨,០០០ នាក់បានបាត់បង់ជីវិតដោយសារជំងឺនេះ។ ទោះជាយ៉ាងណាក៏ដោយចំនួននៃការឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីដំណាក់កាលដំបូងនៃជំងឺរាតត្បាត។ ប៉ុន្តែពេលថ្មីៗនេះប្រទេសនេះបានបញ្ជាក់ពីវត្តមាននៃវីរុស Covid ទម្រង់ថ្មី ដែលនាំឱ្យមានការព្រួយបារម្ភជាថ្មីអំពីលទ្ធភាពនៃការឆ្លងឡើងវិញ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand


