ស្រស់គ្រប់រដូវ! ​ចាប់ពីពេលនេះ​ទៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ នឹងមាន​ភាព​បៃតង​ស្រស់​ទាំង​រដូវ ប្រាំង និង​រដូវវស្សា​
ទេសចរណ៍ December 31, 2020 Khmernote

​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងប្រាប់​អ្នក​សា​ព័ត៌មាន​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០​ថា ដើម្បី​លើកកម្ពស់​សោភណភាព​ប្រាសាទអង្គរវត្ត ឱ្យ​កាន់​តែមាន​ភាពស្រស់ស្អាត​តាមរយៈ​ធ្វើឱ្យ​បរិវេណ​អង្គរ​មាន​ភាព​បៃតង​នោះ នៅក្នុង​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ខិតខំ​ធ្វើ​ការរៀបចំ​ប្រព័ន្ធ​ទឹក​ស្រោចស្រព​ស្មៅ នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​យ៉ាង​មមាញឹក ដូចជា ការ​ជីកដី​បង្កប់​ទុយោ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត ដែលមាន​ទំហំ​ប្រមាណ​ជា ១១​ហិកតា​។​

​ក្នុងការ​ជីកដី​បង្កប់​ទុយោ ពីមួយ​ជួរ​ទៅមួយ​ជួរ គឺមាន​គម្លាត ​២០​ម៉ែត្រ​ពីគ្នា ហើយ​មាន​ជម្រៅ​ពី​៣​តឹក​កន្លះ​ឡើងទៅ​តាម​សណ្ឋាន​ដី​។ ចំពោះ​ការ​ជីកដី​បង្កប់​ទុយោ​នេះ មិន​ប៉ះពាល់​ដល់​បុរាណ​ដ្ឋា​ន​ឡើយ ព្រោះ​មានការ​ពិនិត្យ​និង​សិក្សា​ច្បាស់លាស់ ពី​អ្នកជំនាញ​បុរាណវិទ្យា​មុន​អនុវត្តន៍​ការងារ​។ ចំពោះ​ការស្រោចស្រព​ស្មៅ​វិញ ក្រុមការងារ​នឹង​ស្រោច​តែ​រយៈពេល​១​ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ដោយ​ផ្តោត​សំខាន់​តែ​នៅ​រដូវប្រាំង​។​

​ឯកឧត្តមបាន​បញ្ជាក់ថា សម្រាប់​ទឹក​ដែល​បូម​មក​ស្រោច​ស្មៅ​នៅ​បរិវេណ​ប្រាសាទ​អង្គរ គឺ​យក​ពី​ក​សិន្ធុ​ខាងជើង និង​ខាងត្បូង​អង្គរ​នេះ​តែម្តង ហើយ​សួរថាតើ​ពេល​យក​ទឹក​ពី​ក​សិន្ធុ​ទាំងពីរ​នេះ អាច​នឹងមាន​ផលប៉ះពាល់​ដល់​រឿង​ខ្វះ​ទឹក​សម្រាប់​ទ្រទ្រង់​ដល់​គ្រឹះ​ប្រាសាទ​នៅ​រដូវប្រាំង​ដែរឬទេ​? ឯកឧត្តម​បាន​ពន្យល់ថា មុននឹង​អនុវត្តន៍​គម្រោង​នេះ​មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការសិក្សា​ច្បាស់លាស់​ហើយ ដោយ​រួមទាំង​បាន​ឆ្លង​ការ​ពិ​និត្យ​ពី​អង្គការ​យូណេស្កូ​ផងដែរ​។ ដូចនេះ​ទឹក​ក​សិន្ធុ​ទាំងពីរ​នេះ​អាច​ទ្រទ្រង់បាន ដោយ​យើង​មានទឹក​ស្តុ​ប​នៅ​បារាយណ៍​ខាងលើ​សម្រាប់​បញ្ជូនមក​ក​សិន្ធុ​អង្គរ​នេះ ហើយ​តាម​បទពិសោធ ន៍​នៅ​ឆ្នាំ​កន្លងទៅ​ដែលជា​ឆ្នាំ​រាំងស្ងួត​ខ្លាំង​គឺ​ទឹក​នៅ​ក​សិន្ធុ​អង្គរ​នេះ​ទ្រទ្រង់បាន​។​

​ឯកឧត្តម​បាន​បន្តថា ការរៀបចំ​ប្រព័ន្ធ​ទឹក​ស្រោច​ស្មៅ​នេះ បានបញ្ចប់​រួចរាល់​ហើយ និង​ដំណើរការបាន​យ៉ាង​រលូន ។ ដូចនេះ​ចាប់ពីពេលនេះ​ទៅ ស្មៅ​នៅក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​នឹងមាន​ភាព​បៃតង​ស្រស់​ទាំង​រដូវប្រាំង និង​រដូវវស្សា ដែល​អាច​ទាក់ទាញ​ទេសចរ​ឱ្យមក​ទស្សនា​បូជនីយដ្ឋាន​ដ៏​ពិសិដ្ឋ​នេះ​បាន​កាន់តែច្រើន នៅពេលដែល​ស្ថានភាព​កូ​វីដ​-១៩​ត្រូវបាន​បញ្ចប់ ៕​

ប្រភព៖ ក្រសួងព័ត៌មាន