ក្រៅពីដំណាំស្រូវ មានដំណាំចំនួន ២ ដែលត្រូវបានចាត់ទុកថាជាដំណាំមានសក្ដានុពលសម្រាប់ការនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក ក្នុងនោះដំឡូងមី ស្ថិតនៅលំដាប់ទី២ និងពោតលំដាប់ទី៣ ក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មសំខាន់ៗរបស់កម្ពុជា ដែលមានសក្តានុពលខ្ពស់សម្រាប់ធ្វើការនាំចេញ។ ជាក់ស្តែង នៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំឡូងមីសរុបចំនួនប្រមាណ ៦៥៦ ៨៦៨ ហិកតា ដោយមានបរិមាណផលសរុបជាង ១២លានតោនក្នុងមួយឆ្នាំ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
ទន្ទឹមនឹងនេះដែរ ដំណាំពោត ដែលត្រូវបានចាត់ថ្នាក់ជាដំណាំគោលទី៣ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី ហើយមានសក្តានុពលសម្រាប់នាំចេញ និងផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុកសម្រាប់បម្រើឲ្យវិស័យផលិត កម្មចំណីសត្វ អាហារមនុស្ស និងផលិតផលផ្សេងៗ។ បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដដែល បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះពោតសរុបចំនួន ១៥៤ ៥៩៨ ហិកតា និងទទួលបានបរិមាណផលសរុបចំនួន ៧៣៥ ៥៥១ តោនក្នុងមួយឆ្នាំ។

ទោះបីជាយ៉ាងណាក្ដី របាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដំឡូងមីដែលជាដំណាំសេដ្ឋកិច្ចត្រូវបានរងការបំផ្លិចបំផ្លាញដោយសារជំងឺម៉ូសាអ៊ិក ដែលបណ្តាលឲ្យទិន្នផលធ្លាក់ចុះគួរឲ្យកត់សម្គាល់។ ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ថ្មីៗនេះបានដឹកនាំក្រុម ការងារចុះទៅពិនិត្យលើការដាំសាកពិសោធន៍ដំឡូងមីពូជ KU៥០ ពូជ៨១ ពូជ៨៩ និងពូជរ៉ាក់យ៉ង៩ លើផ្ទៃដី១៥០ហ.ត នៅក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចម្ការលើ ដើម្បីវាយតម្លៃលើប្រសិទ្ធភាពនៃភាពធន់នឹងសមាសភាពសត្វល្អិតចង្រៃ និងជាពិសេសជំងឺឆ្លងម៉ូសាអ៊ិក របស់ពូជទាំង ៤ប្រភេទនេះ។

ដោយឡែកសម្រាប់ដំណាំពោតត្រូវបានធ្វើការស្រាជ្រាវ និងអភិវឌ្ឍ ចាប់តាំងពីឆ្នាំ២០១៤ នៅស្ថានីយស្រាវជ្រាវកសិកម្មបន្ទាយដែក ខេត្តកណ្តាល ដោយអគ្គនាយកដ្ឋានកសិកម្មបានសហការជាមួយមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជាធ្វើការសិក្សាស្រាវជ្រាវរកពូជពោតអ៊ីប្រ៊ីតថ្មីមួយ ដើម្បីចូលរួមបង្កើនផលិតកម្មពូជពោតក្នុងស្រុក និងកាត់បន្ថយពូជពោតនាំចូលពីបរទេស។ អស់រយៈពេលជាច្រើនឆ្នាំការស្រាវជ្រាវសម្រេចទទួលបានលទ្ធផល គឺប្រភេទពូជពោតអ៊ីប្រ៊ីតថ្មីមួយមានឈ្មោះថា “CHM01” ដែលមានលក្ខណសម្បត្តិគឺ៖ – ធន់នឹងជំងឺបួស (Downy Mildew- DM) – ផ្តល់ទិន្នផលប្រមាណជា ៨,៦០តោន/ហ.ត ខ្ពស់ជាប្រភេទពូជពោតអ៊ីប្រ៊ីតដែលនាំចូលពីបរទេស – ធន់នឹងការប្រែប្រួលអាកាសធាតុ – មានអាយុកាលខ្លីជាងប្រភេទពូជអ៊ីប៊្រីដផ្សេងៗចំនួនពី១០-១៥ថ្ងៃ (១០០ថ្ងៃដាំដុះនៅរដូវប្រាំង និង១០៥ ថ្ងៃដាំនៅរដូវ វស្សា) – មានគ្រាប់ធំ ពណ៌ទឹកក្រូចចាស់។


អត្ថបទ៖ លីនី


