យោងតាមទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយ អ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC កាលពីថ្មីៗនេះបានឲ្យដឹងថា ក្រុមហ៊ុនកំពុងសិក្សាគម្រោងផ្លូវល្បឿនលឿន ពីអាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល មកកាន់រាជធានីភ្នំពេញ ដោយដំណាក់កាលទី១ គឺគ្រោងនឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ ២០២១ ខាងមុខនេះ។ ការសាងសង់ផ្លូវល្បឿនលឿននេះឡើង គឺក្នុងគោលដៅសម្រួល ដល់ការធ្វើដំណើររបស់ភ្ញៀវជាតិ និងអន្តរជាតិ ក្រុមហ៊ុន OCIC គ្រោងនឹងវិនិយោគសាងសង់ផ្លូវអាកាស ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មកកាន់រាជធានីភ្នំពេញ។
អ្នកឧកញ៉ាបានលើកឡើងថា៖ “គម្រោងផ្លូវល្បឿនលឿននេះ គឺមិនមែនជាហាយវេ ដូចផ្លូវទៅកំពង់សោមទេ តែសាងសង់ជាស្ពានអាកាសផុតពីដី មានប្រវែងសរុបប្រមាណ ២១,៥ គីឡូម៉ែត្រ និងមាន២ដំណាក់កាល”។ លោកបន្តថា ដំណាក់ទី១ ប្រវែង១០គីឡូម៉ែត្រ សាងសង់តាមផ្លូវសម្ដេចហ៊ុន សែន និងផ្លូវ២៧១ ហើយចាប់ពីផ្ដុំស្ពានអាកាសក្បាលថ្នល់ រហូតទៅដល់ផ្លូវជាតិលេខ២។ ដោយឡែកដំណាក់កាលទី២ គឺមានប្រវែងប្រមាណ១១គីឡូម៉ែត្រ ដោយសាងសង់ចេញពីផ្លូវជាតិលេខ២ ទៅកាន់អាកាសយានដ្ឋានភ្នំពេញថ្មីផ្ទាល់តែម្ដង”។
(រូបតំណាង)
គួរឲ្យដឹងថា គម្រោងនេះ នឹងត្រូវចំណាយទុនសរុបប្រមាណ ៤០០ លានដុល្លារអាមេរិក ដែលដំណាក់កាលទី ១ អាចនឹងចាប់ផ្ដើមនៅឆ្នាំ ២០២១ ហើយគ្រោងនឹងបញ្ចប់ក្រោយព្រលានយន្តហោះ ពោលគឺក្រោយឆ្នាំ២០២៣ បន្ដិចបន្ដួច។ បើយោងតាម អ្នកឧកញ៉ា ផ្លូវលើអាកាសថ្មីនេះនឹងជួយសម្រួលការធ្វើដំណើរពីក្នុងក្រុង ទៅព្រលានថ្មីបានយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយអ្នកបើកបរអាចបើកដល់ទៅល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទន្ទឹមនឹងនេះដែរ ថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន មានផែនការចង់សិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាលផងដែរ៕



