ក្រោយអាកាសធាតុអំណោយផលល្អវិញ ប្រជាកសិករខេត្តកំពត-កែប កំពុងមមាញឹកការងារផលិតអំបិលដើម្បីបំពេញតម្រូវទីផ្សារ
សេដ្ឋកិច្ច December 30, 2020 Khmernote

ប្រជាកសិករខេត្តកំពត-កែប កំពុងមមាញឹកការងារផលិតអំបិល នៅដើមរដូវប្រាំងនេះ ដើម្បីបំពេញតម្រូវទីផ្សារ ដោយលោក ប៊ុន ណារិន អតីតប្រធានផ្នែកបច្ចេកទេស នៃសមាគមអ្នកផលិតអំបិលខេត្ត កំពត-កែប មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា រដូវកាលចាប់ផ្ដើមផលិតអំបិលឆ្នាំថ្មីនេះ គឺតាំងពីចុងខែតុលា ប៉ុន្ដែដោយសារអាកាសធាតុមិនសូវអំណោយផល ទើបធ្វើឱ្យកន្លែងផលិតអំបិលមួយចំនួនមានសភាពយឺតយ៉ាវ ប៉ុន្តែកន្លែងខ្លះទៀតជិតចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗដែរហើយ។
ជាមួយគ្នានេះលោកបញ្ជាក់ថា ការងារផលិតអំបិលនេះ គឺពឹងផ្អែកទៅលើអាកាសធាតុ ដោយត្រូវការពន្លឺថ្ងៃល្អ និងគ្មានភ្លៀងធ្លាក់ជាដើម។

លោក ប៊ុន ណារិន បានបន្តប្រាប់ថា៖​ «សម្រាប់ឆ្នាំ ២០១៩-២០២០ នេះ ផលិតផលយើងផ្គត់ផ្គង់ក្នុងស្រុកបាន ដោយសារមាននៅសល់ចុងឆ្នាំ ដោយពេលធ្វើស្ថិតិប្រហែលនៅខែកក្កដា នៅសល់ប្រហែលជាង ៣ម៉ឺនតោន ប៉ុន្ដែឥឡូវចុងឆ្នាំនេះ សល់ប្រហែជាង ១ម៉ឺនតោន តែអំបិលថ្មីយើងចាប់ផ្ដើមហើយ អ៊ីចឹងតាមខ្ញុំពិនិត្យមើលមេឃឆ្នាំនេះ ផលយើងអាចផ្គត់ផ្គង់បានគ្រប់ក្នុងរដូវកាលបាន »។

លោកបញ្ជាក់បន្ថែមថា ការផលិតអំបិលឆ្នាំកន្លងទៅនេះ ទទួលបានទិន្នផលខ្ពស់ ដែលអាចគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារ ហើយសម្រាប់ចុងឆ្នាំនេះសល់ក្នុងឃ្លាំង ប្រហែលជាង ១ម៉ឺនតោន ដើម្បីបន្ដផ្គត់ផ្គង់ការប្រើប្រាស់ទៅឆ្នាំថ្មីបន្ដទៀត។ លោករំពឹងថា ឆ្នាំនេះអ្នកផលិតអាចបានច្រើនជាងឆ្នាំមុន ដោយអ្នកដែលបោះបង់ការផលិតកាលពីឆ្នាំមុន បានចាប់ផ្ដើមផលិតវិញ។សូមបញ្ជាក់ថា បច្ចុប្បន្នសមាជិកអ្នកផលិតអំបិលខេត្តកំពត-កែប មានជាង១៧០ក្រុម លើផ្ទៃដីផលិតដែលប្រកាសដោយក្រុមអ្នកផលិតមានជាង៤ពាន់ហិកតា៕

ប្រភព​៖ ក្រសួងព័ត៌មាន