ខុសគ្នាឆ្ងាយ! ថៃធ្លាប់តែទទួលភ្ញៀវទេសចរខ្ទង់លាននាក់ក្នុងមួយខែៗ តែឥឡូវទទួលភ្ញៀវទេសចរបរទេសត្រឹមតែជាង ៣,០០០ នាក់
ទេសចរណ៍ December 29, 2020 Khmernote

ប្រទេសថៃ គឺជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទាក់ទាញភ្ញៀវទេសចរជាច្រើនលាននាក់ក្នុងមួយឆ្នាំៗឲ្យទៅកម្សាន្ត ប៉ុន្តែដោយសារវីរុសរាតត្បាតកូវីដ-១៩ បានធ្វើឲ្យប្រទេសមានសេដ្ឋកិច្ចមួយភាគធំពឹងផ្អែកលើវិស័យទេសចរណ៍មួយនេះត្រូវខាតបង់ធ្ងន់ធ្ងរ។ ជាក់ស្ដែងបើយោងតាមទិន្នន័យផ្លូវការដែលបានបង្ហាញនៅថ្ងៃទី២៨ ខែធ្នូ ថ្មីៗនេះបាន​ឲ្យដឹងថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣,០៦៥ នាក់ក្នុងខែវិច្ឆិកា ដែលជាខែទី២ នៃការបើកទទួលភ្ញៀវទេសចររយៈពេលយូរចាប់តាំងពីការហាមឃាត់ត្រូវបានដាក់កាលពីខែមេសា ដើម្បីការពារការឆ្លងរីករាលដាលនៃវីរុស Covid-19។

ទិន្នន័យដែលបានរាយការណ៍ដោយរ៉យទ័រនេះបង្ហាញថា តួលេខនៃខែវិច្ឆិកានេះ គ្រាន់តែជាចំណែកតូចមួយនៃចំនួនភ្ញៀវទេសចរចំនួន ៣.៣៩ លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនប៉ុណ្ណោះ ខណៈក្នុងខែតុលាកន្លងមកនេះមានភ្ញៀវទេសចរបរទេសចំនួន ១,២០១ នាក់មកកម្សាន្ត។ គួរឲ្យដឹងផងដែរថា ទោះបីជាប្រទេសនេះកំពុងបើកទ្វារទទួលភ្ញៀវទេសចរជាបណ្តើរៗ និងផ្តល់នូវការលើកទឹកចិត្តក្នុងការជំរុញការធ្វើដំណើរក្នុងស្រុកក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចដែលជំរុញដោយវិស័យទេសចរណ៍របស់ខ្លួនកំពុងត្រូវបានរារាំងដោយការផ្ទុះឡើងនៃវីរុស Covid-19 ជាថ្មីម្ដងទៀត​កាលពី ១០ថ្ងៃមុន ដែលបានឆ្លងដល់មនុស្សជាង ១,៦០០ នាក់នៅទូទាំងខេត្តចំនួន ៤៣ ។

ជាមួយគ្នានេះដែរ ចាប់ពីខែមករា ដល់ខែវិច្ឆិកាចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះ ៨១% ពីមួយឆ្នាំមុន ដោយទទួលបានភ្ញៀវតែប្រមាណ ៦.៧ លាននាក់។ ដោយកាលពីឆ្នាំមុនប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរជិត ៤០ លាននាក់ដែលបានចំណាយ ១.៩១ ទ្រីលានបាត (៦៣ ពាន់លានដុល្លារ) ឬ ប្រហែល ១១,៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus