សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា​ មិនបានហាមឃាត់ការចូលមកក្នុងប្រទេសរបស់ជនបរទេសណាមួយឡើយ
សេដ្ឋកិច្ច December 29, 2020 Chan Sreyny

ប្រទេសកម្ពុជា មិនបានហាមឃាត់ជនបរទេសរួមទាំងជនជាតិអង់គ្លេសដែលកំពុងទទួលរងការរីករាលដាលដោយសារជំងឺកូវីដ-១៩ ទម្រង់ថ្មីពីការចូលមកកម្ពុជាឡើយ នេះបើយោងតាមប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសដែលផ្សាយផ្ទាល់ពីគេហដ្ឋានរបស់សម្ដេចនៅក្រុងតាខ្មៅខេត្តកណ្តាលថា « យើងមិនបានហាមឃាត់ជនបរទេសណាម្នាក់ឲ្យចូលមកក្នុងប្រទេសកម្ពុជារួមទាំងពលរដ្ឋអង់គ្លេសនោះទេ ប៉ុន្តែយើងត្រូវតែពង្រឹងការគ្រប់គ្រងជាពិសេសការដាក់ឱ្យនៅដាច់ដោយឡែក »។

សម្តេចតេជោបានមានប្រសាសន៍ថា « ប្រទេសកម្ពុជាត្រូវបន្តប្រយុទ្ធគ្នានៅក្នុងសមរភូមិចំនួន ៣ ប្រឆាំងនឹងជំងឺកូវីដ-១៩ ទី១ ការពារការនាំចូលជំងឺ, ទី២ ត្រួតពិនិត្យការរាលដាល និងការពារការឆ្លងសហគមន៍ និងទី៣ ព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងអស់ »។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានអបអរសាទរដល់ក្រុមគ្រូពេទ្យកម្ពុជាដែលបានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ គិតត្រឹមព្រឹកនេះ កម្ពុជាបានកត់ត្រានូវករណីសរុបចំនួន ៣៦៤ ករណីដោយក្នុងនោះមាន ៤១ ករណីជាករណីឆ្លងក្នុងសហគមន៍។

គួរឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះមានអ្នកជំងឺសរុបចំនួន ៣៦០ នាក់បានទទួលការព្យាបាលដោយជោគជ័យដោយមិនមានករណីគ្រោះថ្នាក់ដល់ជីវិតនោះទេ ខណៈពេលដែលករណីមិនទាន់ជាសះស្បើយមានត្រឹមតែ ៤ នាក់ប៉ុណ្ណោះ៕

ប្រភព៖ ក្រសួងព័ត៌មាន