ក្រុមអ្នកជំនាញអង់គ្លេសបានព្យាករណ៍ថា ប្រទេសចិននឹង វ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៨
សេដ្ឋកិច្ច December 29, 2020 Khmernote

សារព័ត៌មាន NHK របស់ប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញអង់គ្លេសបាននិយាថា ប្រទេសចិននឹង វ៉ាដាច់សហរដ្ឋអាមេរិកដើម្បីក្លាយជា ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៨ ពោលគឺលឿនជាងការប៉ាន់ស្មានកាលពីពេលមុនរយៈពេល ៥ឆ្នាំ នេះបើយោងតាមមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលបានចេញផ្សាយការព្យាករណ៍សេដ្ឋកិច្ចរបស់ខ្លួនរហូតដល់ឆ្នាំ ២០៣៥ សម្រាប់ប្រទេស និងតំបន់ចំនួន ១៩៣ នៅថ្ងៃសៅរ៍ កន្លងទៅនេះ។ នៅក្នុងរបាយការណ៍នោះបានប៉ាន់ប្រមាណថា ប្រទេសចិននឹងឃើញថាផលិតផលក្នុងស្រុកសរុបរបស់ខ្លួនកើនឡើង ២% នៅឆ្នាំនេះ ស្របពេលដែលសេដ្ឋកិច្ចធំៗ ផ្សេងទៀតត្រូវបានរំពឹងថានឹងធ្លាក់ចុះ។

មិនតែប៉ុណ្ណោះរបាយការណ៍ដដែលបានបង្ហាញថា ប្រទេសចិនបានទទួលជោគជ័យក្នុងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងវីរុស កូវីដ-១៩ ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងងើបឡើងវិញយ៉ាងឆាប់រហ័សជាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុប។ លើសពីនេះ ក្រុមអ្នកជំនាញបានព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងធ្លាក់ចុះ ៤.៤% ក្នុងឆ្នាំ២០២០ ខណៈផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនត្រូវបានព្យាករថានឹងធ្លាក់ចុះ ៥.៥% ដោយសារតែផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរនៃការរាតត្បាត៕

អត្ថបទ៖ លីនី
ប្រភព៖ nhk