ឥណ្ឌូនេស៊ី នឹងបិទព្រំដែនសម្រាប់ជនបរទេសទាំងអស់ក្នុងអំឡុងពេលឆ្លងឆ្នាំសកល
សេដ្ឋកិច្ច December 29, 2020 Chan Sreyny

ឥណ្ឌូនេស៊ី នឹងបិទព្រំដែនរបស់ខ្លួនសម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់សម្រាប់រយៈពេល ២ សប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃបុណ្យចូលឆ្នាំថ្មី ខណៈពេលដែលប្រទេសនេះព្យាយាមទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នេះបើយោងតាមប្រសាសន៍របសើរដ្ឋាភិបាលឥណ្ឌូនេស៊ី។ រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ីលោកស្រី Retno Marsudi បានថ្លែងនៅក្នុងសន្និសីទកាសែតថា « បទប្បញ្ញត្តិថ្មីនេះ នឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៤ ខែមករា និងអនុវត្តចំពោះភ្ញៀវទេសចរបរទេសទាំងអស់លើកលែងតែមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ »។

លោកស្រី Retno បាននិយាយថា « ភ្ញៀវទេសចរបរទេសដែលមកដល់ប្រទេសឥណ្ឌូនេស៊ីពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ នៅតែត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនេះ ប៉ុន្តែត្រូវបង្ហាញភស្តុតាងនៃការធ្វើតេស្ត PCR អវិជ្ជមានដែលចេញពីប្រទេសដែលពួកគេបានចាកចេញហើយមានសុពលភាពរយៈពេល ៤៨ ម៉ោង »។

លោកស្រីបានបន្ថែមថា « នៅពេលពួកគេទៅដល់ប្រទេសឥណ្ឌូនេស៊ី ពួកគេត្រូវធ្វើតេស្ត PCR មួយផ្សេងទៀតហើយប្រសិនបើលទ្ធផលអវិជ្ជមានពួកគេត្រូវតែស្នាក់នៅដាច់ដោយឡែករយៈពេល ៥ ថ្ងៃ ពួកគេនឹងត្រូវការធ្វើតេស្ត PCR ម្ដងទៀតបន្ទាប់ពីពួកគេស្នាក់នៅដាច់ដោយឡែកគ្រប់ប្រាំថ្ងៃ និងមុនពេលពួកគេបន្តដំណើររបស់ពួកគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី »។

គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃច័ន្ទនេះ ប្រទេសឥណ្ឌូនេស៊ីបានកត់ត្រាករណីឆ្លងចំនួន ៧១៩,២១៩ ករណីជាមួយនឹងការស្លាប់ចំនួន ២១,៤៥២ នាក់នេះ៕

អត្ថបទ៖ នីតា
ប្រភព៖ kyodonews