ក្រសួងកសិកម្ម ត្រៀមបង្កើតគណៈកម្មការត្រួតពិនិត្យទប់ស្កាត់ការនាំចូលត្រីពីបរទេស
សេដ្ឋកិច្ច December 25, 2020 Khmernote

ក្រសួងកសិកម្ម ត្រៀមបង្កើតគណៈកម្មការត្រួតពិនិត្យការនាំចូលត្រីពីបរទេស ដើម្បីធ្វើយ៉ាងណាកាត់បន្ថយ ការនាំចូលត្រីពីក្រៅប្រទេសឱ្យនៅក្នុងកម្រិតទាប។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្មកំពុងបង្កើតគណៈកម្មការ ត្រួតពិនិត្យការនាំចូលត្រីពីបរទេស ដែលមាន ឯកឧត្តម ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្មជាប្រធានគណៈកម្មការ ដើម្បីធ្វើការតាមរាល់សកម្មភាពទាំងឡាយណា ដែលលួចបន្លំនាំចូលត្រីពីប្រទេសជិតខាង ក្នុងគោលដៅធ្វើយ៉ាងណារក្សា តម្លៃត្រីនៅក្នុងស្រុកឱ្យបានល្អ ។

ឯកឧត្តមបានបញ្ជាក់ថា ការបង្កើតគណៈកម្មការត្រួតពិនិត្យការនាំចូលត្រីពីបរទេសនេះ ដោយសារបច្ចុប្បន្នការចិញ្ចឹមត្រីរបស់ ប្រជាពលរដ្ឋយើងមានសន្ទុះកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ដែលអាចបំពេញតម្រូវការទីផ្សារ និងការហូបចុករបស់ ប្រជាពលរដ្ឋ។ជាមួយគ្នានេះ គឺស្របទៅនឹងផែនការរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានជំរុញឱ្យប្រជាពលរដ្ឋ បង្កើនការចិញ្ចឹមនិងដាំដុះ និងបានធ្វើឱ្យវិស័យកសិកម្មមានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងបរិបទជំងឺកូវីដ-១៩ ហើយបន្លែ ត្រីសាច់ គឺអាចឆ្លើយតបបានទៅនឹងសេចក្តីត្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងស្រុក។

ឯកឧត្តម មានប្រសាសន៍ថា៖ «យើងឃើញថាដល់ដំណាក់កាលមួយប្រជាជនចិញ្ចឹមមានការត្អូញត្អែរទៅហើយថាត្រីសម្បូរហើយតម្លៃចុះថោក ហើយគាត់ចោទប្រកាន់ទៅលើការនាំចូលឥឡូវនេះយើងបានបង្កើតគណៈកម្មការត្រួតពិនិត្យការនាំចូលនេះឯងតើបរិមាណនាំចូលនេះចូលនៅកន្លែងណាហើយប្រសិនជាវារីវប្បករទាំងអស់តាមដានទៅមានការនាំចូលខុសច្បាប់មែនយើងត្រូវមានវិធានការ»។

គួរជម្រាបថា ដោយសារកន្លងមកមានប្រជាជនមួយចំនួនបានចោទប្រកាន់ថា មានការនាំចូលត្រីពីក្រៅប្រទេសមកលក់នៅ ទីផ្សារក្នុងប្រទេសកម្ពុជា ហេតុដូច្នេះទើបក្រសួងកសិកម្មសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យ នៅតាមច្រកព្រំដែនទាំងអស់ ដើម្បីមើលរាល់សកម្មភាពនាំចូលខុសច្បាប់ទាំងអស់នោះ ដោយអាជ្ញាធរនឹងចាត់វិធានការជាបន្ទាន់ ទាក់ទងទៅនឹងបញ្ហានេះ ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន