ការស្ថាបនាផ្លូវជាតិលេខ២ សម្រេចបាន ២០% ខណៈផែនការគ្រោងបញ្ចប់ត្រឹមដើមឆ្នាំ ២០២២
សេដ្ឋកិច្ច December 25, 2020 Chan Sreyny

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា មកដល់ពេលនេះការស្ថាបនាកែលម្អផ្លូវជាតិលេខ២ សម្រេចបានលទ្ធផលជាង ២០% ហើយតាមល្បឿននៃការសាងសង់នេះនឹងអាចចប់តាមផែនការដែលបានគ្រោងទុក។ លោកបានបញ្ជាក់ថា ក្រុមហ៊នទទួលការសាងសង់កំពុងមមាញឹកអនុវត្តការងាររបស់ខ្លួនតាមផែនការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បើទោះបីការអភិវឌ្ឍត្រូវបានរំខានដោយជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាទឹកជំនន់ដែលធ្វើឱ្យប៉ះពាល់ផ្នែកខ្លះនៃកំណាត់ផ្លូវកាលពីពេលកន្លងទៅនេះក៏ដោយ។

លោកបន្តថា តាមល្បឿននៃការសាងសង់ក្នុងពេលបច្ចុប្បន្នរំពឹងថា ផ្លូវនេះនឹងរួចរាល់ជាស្ថាពរនៅត្រី មាសទី១ ឆ្នាំ ២០២២ ប្រសិនជាមិនមានឧបសគ្គមករាំងស្ទះ។ រាជរដ្ឋាភិបាល បានចាប់ផ្តើមកែលម្អកំណាត់ផ្លូវជាតិលេខ២ ពីក្រុងតាខ្មៅដល់ក្រុងដូនកែវ និងកំណាត់ផ្លូវជាតិលេខ២២ ពីរង្វង់មូលអូរចំបក់ ក្រុងដូនកែវដល់ផ្លូវជាតិលេខ៣ ត្រង់ផ្សារអង្គតាសោម កាលពីខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងគម្រោងសម្បទានពីធនាគារនីហរ័ណអាហរ័ណកូរ៉េនៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានទឹកប្រាក់សរុបជាង ៥៦ លានដុល្លារដោយផ្តល់សិទ្ធិទៅឱ្យក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd របស់កូរ៉េជាអ្នកសាងសង់។

គម្រោងកែលម្អផ្លូវជាតិទាំងពីរខ្សែនេះ នឹងត្រូវធ្វើការពង្រីកលើផ្លូវចាស់ដោយក្រាលកៅស៊ូ AC (Asphalt Concrete) សាងសង់ស្ពានថ្មីចំនួន ១១កន្លែង និងស្ថាបនាលូរំដោះទឹកភ្លៀងមានលូជ្រុងកាត់ទទឹងថ្នល់ ៥៦កន្លែង និងលូមូលកាត់ទទឹងថ្នល់ ១៧កន្លែង។ ការស្ថាបនានេះ បែងចែកជាបីកំណាត់ផ្លូវធំៗដោយកំណាត់ទី១ ចាប់ផ្តើមចេញពីរង្វង់មូលតាខ្មៅដល់រង្វង់មូលស្ត្រីបីកួរស្រូវមានប្រវែង ៨.៧៤គីឡូម៉ែត្រ ត្រូវពង្រីកពី ២គន្លង ទៅ ៤គន្លង ដោយនៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ១៥ម៉ែត្រ និងក្រៅតំបន់ទីប្រជុំជនមានទទឹងផ្លូវ ២០.៥ម៉ែត្រ។

កំណាត់ទី២ ចាប់ផ្តើមចេញពីរង្វង់មូលស្រ្តីបីកួរស្រូវដល់រង្វង់មូលអូរចំបក់ដែលមានប្រវែង ៥៣,៨១៩គីឡូម៉ែត្រ ដែលផ្លូវស្ថិតក្នុងតំបន់ជនបទដោយរៀបចំមាន ២គន្លង ក្នុងទំហំផ្លូវទទឹង ១៣ម៉ែត្រ។ កំណាត់ទី៣ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់ដល់ផ្សារអង្គតាសោម (ផ្លូវជាតិលេខ ២២) ដែលមានប្រវែង ៩,៦១១គីឡូម៉ែត្រ ដែលស្ថិតក្នុងតំបន់ជនបទដោយកំណាត់ផ្លូវនេះមានទំហំទទឹងផ្លូវសរុប ១៣ម៉ែត្រ៕

ប្រភព៖ ក្រសួងព៍ត៌មាន