កូរ៉េខាងត្បូង ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំងពីក្រុមហ៊ុនចំនួនពីរសម្រាប់ប្រជាជន ១៦ លាននាក់
សេដ្ឋកិច្ច December 25, 2020 Chan Sreyny

ប្រទេសកូរ៉េខាងត្បូង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Pfizer និង Johnson & Johnson របស់ Janssen ដើម្បីនាំចូលវ៉ាក់សាំងការពារជំងឺ Covid-19 សម្រាប់មនុស្ស ១៦ លាននាក់ខណៈពេលដែលប្រទេសនេះកំពុងទទួលរងនូវរលករាតត្បាតទី៣ នេះបើតាមសម្តីរបស់នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Chung Sye-kyun ។ រដ្ឋាភិបាល បានប្រឈមនឹងការកើនឡើងសម្ពាធពីសាធារណៈលើគំរោងលទ្ធកម្មវ៉ាក់សាំងការពារជំងឺ Covid-19 ខណៈដែលប្រទេសនេះបានរាយការណ៍អំពីករណីប្រចាំថ្ងៃខ្ពស់បំផុតទី២ របស់ខ្លួនកាលពីថ្ងៃពុធ។

វ៉ាក់សាំងរបស់ Pfizer ដែលត្រូវបានអភិវឌ្ឍជាមួយដៃគូអាល្លឺម៉ង់ BioNTech នឹងផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់មនុស្ស ១០ លាននាក់ហើយការដឹកជញ្ជូនត្រូវបានគេរំពឹងថា នឹងមាននៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២១ ។

កិច្ចព្រមព្រៀងជាមួយ Pfizer និង Janssen គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងឱ្យបានគ្រប់គ្រាន់ពីអ្នកផលិត និងគំនិតផ្តួចផ្តើម COVAX សកលដែលគាំទ្រដោយអង្គការសុខភាពពិភពលោកដែលនឹងអនុញ្ញាតឱ្យមានការចាក់ថ្នាំបង្ការយ៉ាងហោចណាស់ ៨៥% នៃប្រជាជនកូរ៉េខាងត្បូងចំនួន ៥២ លាននាក់។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលកូរ៉េក៏បានបានត្រៀមថវិកាបន្ថែមចំនួន ១.៣ ទ្រីលានវ៉ុន (១.២ ពាន់លានដុល្លារ) ដល់ថវិកាសម្រាប់ឆ្នាំក្រោយសម្រាប់ការចាក់វ៉ាក់សាំង។

គួរឱ្យដឹងផងដែរថា ករណីឆ្លងជំងឺ Covid-19 នៅក្នុងប្រទេសកូរ៉េបានកើនឡើងដល់ ៥៣,៥៣៣ នាក់ដោយមានមនុស្សចំនួន ៧៥៦ នាក់បានស្លាប់គិតត្រឹមថ្ងៃពុធ។ កូរ៉េខាងត្បូងបានបង្កើនការធ្វើតេស្ត៍ដល់មនុស្សជាង ៥៥,០០០ នាក់ក្នុងមួយថ្ងៃបើប្រៀបធៀបជាមួយ ១៦,០០០ នាក់ក្នុងមួយថ្ងៃនៅក្នុងខែកញ្ញា ដើម្បីតាមដានករណីពីប្រភពចម្លង៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia