សហភាពអឺរ៉ុប អាឡឺម់ង់ និងបារាំង បានប្រកាសកិច្ចព្រមព្រៀងឥណទានដែលមានតម្លៃ ៩៥.៨ លានអឺរ៉ូ (១១៦ លានដុល្លារអាមេរិក) ដល់កម្ពុជាដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែធ្នូ កន្លងទៅនេះ។ ជាមួយគ្នានេះសេចក្ដីប្រកាសព័ត៌មានបានបង្ហាញថា គម្រោងនេះមានគោលដៅផ្តល់ហិរញ្ញប្បទានទាំងការកែលំអបណ្តាញផ្លូវជនបទនៅតាមបណ្តាខេត្ត នៅភាគកណ្តាលនៃប្រទេស និងការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមនៅក្នុងវិស័យស្អាត កសិកម្ម សុខភាពនិងការអប់រំ ខណៈនៅប្រទេសកម្ពុជាមានប្រជាជនចំនួន ៧០% រស់នៅតាមតំបន់ជនបទ។
គួរឲ្យដឹងផងដែរថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ត្រូវបានសហហិរញ្ញប្បទានដោយសហភាពអឺរ៉ុប រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងរដ្ឋាភិបាលអាល្លឺម៉ង់តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ។ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោកស្រី Carmen Moreno ជឿជាក់ថា គម្រោងនេះនឹងជួយដល់ជីវិតរស់នៅរបស់ប្រជាជនកម្ពុជារាប់ម៉ឺនគ្រួសារនៅតាមជនបទឲ្យកាន់តែប្រសើរឡើង។

ខណៈឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាលោក Christian Berger បានមានប្រសាសន៍ថា ទឹកជំនន់ថ្មីៗនេះ បានបង្ហាញពីសារៈសំខាន់នៃការធ្វើឱ្យផ្លូវថ្នល់មានភាពធន់ទ្រាំសម្រាប់ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ។ ជាមួយគ្នានេះឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាលោកស្រី Eva Nguyen Binh មានប្រសាសន៍ថាគ្មានអ្វីដែលត្រូវងឿងឆ្ងល់ទេ ដែលថាប្រជាជននៅតាមទីប្រជុំជនកណ្តាលនៃប្រទេសកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ៕


អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


