ការដំឡើងពន្ធលើផលិតផលថ្នាំជក់ នឹងធ្វើឱ្យកម្ពុជាទទួលបានចំណូលជាតិបន្ថែម និងកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីផលិតផលនេះ
សេដ្ឋកិច្ច December 25, 2020 Chan Sreyny

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជាបានបញ្ជាក់ថា « ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះដែលធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណូលបន្ថែម ជាពិសេសក្នុងដំណាក់កាលប្រទេសយើងជួបវិបត្តិកូវីដ-១៩ ព្រមទាំងអាចកាត់បន្ថយផលប៉ះពាល់ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ផងដែរ »។ សេចក្តីប្រកាសព័ត៌មាន របស់អង្គការចលនាដើម្បីសុខភាពកម្ពុជានាថ្ងៃទី ២៤ ខែធ្នូ នេះបានឱ្យដឹងថា ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាពន្ធលើផលិតផលថ្នាំជក់ទាបជាងគេនៅក្នុងតំបន់អាស៊ាន។

បច្ចុប្បន្ន អត្រាពន្ធលើផលិតផលថ្នាំជក់ធៀបតម្លៃលក់រាយនៅកម្ពុជាមានត្រឹមតែ ២៥% ចំពោះបារីក្នុងស្រុក និង ៣១.១% ប៉ុណ្ណោះចំពោះបារីនាំចូលខណៈប្រទេសថៃមានអត្រាពន្ធធៀបតម្លៃលក់រាយ ៧០% សិង្ហបុរី ៦៧.៥% និងភូមា ៥០% ទៅ ៦០% ។

កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែម ២៣៥ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ និង ៩៣៣ លានដុល្លារក្នុងរយៈពេល ១៥ ឆ្នាំខាងមុខបើប្រទេសកម្ពុជាដំឡើងពន្ធលើផលិតផលថ្នាំជក់រហូតដល់ ៧៥% នៃតម្លៃបារីលក់រាយ យោងតាមការសិក្សារបស់ការអង្គការសហប្រជាជាតិស្ដីពីការវិនិយោគលើការត្រួតពិនិត្យផលិតផលថ្នាំជក់ឆ្នាំ ២០១៩។

ជាងនេះទៀត ការដំឡើងពន្ធថ្នាំជក់កាត់បន្ថយអត្រាស្លាប់ ជំងឺ និងពិការភាពដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ក្នុងន័យនេះអាចបញ្ជាក់ថា ទុក្ខវេទនារបស់ប្រជាពលរដ្ឋក៏បានកាត់បន្ថយដែរ។ ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋកម្ពុជា ៨០% គាំទ្រឱ្យមានការដំឡើងពន្ធលើផលិតផលថ្នាំជក់ និងដំឡើងតម្លៃបារី (ការអង្កេតថ្នាក់ជាតិ របស់ក្រសួងផែនការឆ្នាំ២០១៤ លើមនុស្សពេញវ័យ ស្ដីពីថ្នាំជក់នៅកម្ពុជា)។ មិនតែប៉ុណ្ណោះ កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យថ្នាំជក់ដែលមានកាតព្វកិច្ចដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីបង្ហាញការប្ដេជ្ញាចិត្តអនុវត្តអនុសញ្ញានេះ។

គួរបញ្ជាក់ផងដែរថា ពលរដ្ឋកម្ពុជាចំនួន ១៥,០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។ ការប្រើប្រាស់ថ្នាំជក់ បណ្ដាលឱ្យខាតបង់ទឹកប្រាក់ ៦៤៩ លានដុល្លារក្នុងមួយឆ្នាំ ដែលស្មើនឹង ៣% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ក្នុងនោះ ៥៨៤ លានដុល្លារបណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់ផលិតភាពធ្លាក់ចុះពីការសម្រាកជក់បារី និងអវត្តមានពីការងារ ។ល។ នេះបើយោងតាមការសិក្សារបស់ អង្គការសហ ប្រជាជាតិ៕

ប្រភព៖ ក្រសួងព៍ត៌មាន