រាជរដ្ឋាភិបាល នឹងផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងទេសចរណ៍រយៈពេល​ ៣ ខែបន្ថែមទៀត
សេដ្ឋកិច្ច December 24, 2020 Chan Sreyny

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីណែនាំ និងដាក់ចេញនូវវិធានការបន្ថែមជុំទី៧ ក្នុង គោលបំណងដាក់ចេញ និងអនុវត្តន៍វិធានការរក្សាលំនឹងអាជីវកម្មខណៈដែលកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដូចជាទ្រទ្រង់និងស្តារអាជីវកម្ម និងធុរកិច្ចឱ្យងើបឡើងវិញដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុងមួយខែសម្រាប់កម្មករ-និយោជិត ០១នាក់ ដែលបំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភ័ណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបសម្រាប់រយៈពេល ០៣ ខែបន្ថែមទៀតចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១។

ជាមួយគ្នានេះ ម្ចាស់រោងចក្រ-សហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារសម្រាប់កម្មករ-និយោជិត ០១នាក់ (ជាសរុបកម្មករនិយោជិត ០១នាក់ ទទួលបាន ៧០ ដុល្លារក្នុងមួយខែ)។ រាជរដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារក្នុងមួយខែជូនកម្មករ-និយោជិត ០១នាក់ ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀតពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១។

ចំពោះសហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាពជាក់ស្តែងបន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។ លើសពីនេះទៀត បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀតពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តតាមដានជាប់ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ-១៩ លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងក្របខ័ណ្ឌសកលលោក តំបន់ និងក្នុងប្រទេសដើម្បីពិនិត្យនិងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា ក្រោមក្របខ័ណ្ឌផែនការយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ៕

ប្រភព៖ ក្រសួងព័ត៌មាន