ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនប័ត្រវិនិយោគដល់ក្រុមហ៊ុន NS Industrial ខូអិលធីឌី និងក្រុមហ៊ុន Lonso (Cambodia) Garment ខូអិលធីឌីដើម្បីវិនិយោគក្នុងការផលិតប្រអប់ក្រដាស និងសម្លៀកបំពាក់។ យោងតាមសេចក្តីប្រកាសរបស់ CDC បានឱ្យដឹងថា គម្រោងថ្មីចំនួន ២ ដែលមានទឹកប្រាក់វិនិយោគសរុបចំនួន ៦.៤ លានដុល្លារអាមេរិកនឹងមានទីតាំងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ និងស្រុកសំរោងខេត្តតាកែវ។
គម្រោងដែលត្រូវបានអនុម័តថ្មីត្រូវបានគេរំពឹងថា នឹងបង្កើតការងារចំនួន ២,៥៧១ សម្រាប់ប្រជាជនក្នុងតំបន់។ ចាប់តាំងពីដើមខែនេះ CDC បានផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគចំនួន ១២ រួមមាន គម្រោងដែលបានលើកឡើងខាងលើដោយមានដើមទុនសរុបជាង ១.១៤ ពាន់លានដុល្លារដែលបង្កើតឱកាសការងារចំនួន ៦.៥០០ ។

គួរឱ្យដឹងផងដែរថា ការវិនិយោគនៅខណៈពេលដែលមានការរីករាលដាលនៃជំងឺ Covid-19 នេះបានបង្ហាញពីទំនុកចិត្តរបស់វិនិយោគិនក្នុងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនយោបាយ និងសង្គមរបស់ប្រទេសកម្ពុជាទោះបីជាមានការគំរាមកំហែងពីការរីករាលដាលនៃជំងឺរាតត្បាតក៏ដោយ៕

ប្រភព៖ ក្រសួងព័ត៌មាន


