ដំណឹងល្អ! រាជរដ្ឋាភិបាលបន្តលើកលែងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង ឬ ស្មើប្រាំពីរម៉ឺនដុល្លាររយៈពេល ១ឆ្នាំទៀត
សេដ្ឋកិច្ច December 24, 2020 Khmernote

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង ឬ ស្មើ ៧ម៉ឺនដុល្លារអាមេរិក រយៈពេល ១ឆ្នាំទៀត ពោលគឺគិតចាប់ពីខែ មករា ឆ្នាំ២០២១ រហូតដល់បំណាច់ខែធ្នូ ឆ្នាំ២០២១ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៤ ខែធ្នូនេះ។ ជាមួយគ្នានេះដែរ យោងតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ នេះបានឲ្យដឹងថា ការបន្តលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារនេះ គឺចំពោះផ្ទះដែលទិញពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅតាមមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។

នៅក្នុងលិខិតបានបញ្ជាក់ដូច្នេះថា ក្រោយពីបានពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយគ្រប់តួអង្គពាក់ព័ន្ធ និងដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម វិធានការជុំទី៧ ត្រូវបានរៀបចំឡើងរួមមាន ៦ចំណុច ដោយក្នុងនោះរួមមាន វិធានការទ្រទ្រង់ គឺ៖ បន្តបន្តលើកលែងពន្ធប្រថាប់ត្រាដល់អ្នកទិញផ្ទះដែលមានតម្លៃទាបជាង ឬ ស្មើ ៧ម៉ឺនដុល្លារអាមេរិក ដោយគិតចាប់ពីខែ មករា ឆ្នាំ២០២១ រហូតដល់បំណាច់ខែធ្នូ ឆ្នាំ២០២១ ពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅតាមៈមន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏សូមអំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃផ្ទះ ទៅតាមលទ្ធភាពដែលអាចធ្វើបាន៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រសួងព័ត៌មាន