ខេត្ត ឈៀងម៉ៃ នៅតែប្រារព្ធព្រឹត្តិការណ៍រាប់ថយក្រោយឆ្នាំថ្មី ទោះបីជាខេត្តមួយចំនួន រួមទាំងទីក្រុងបាងកកបានលុបចោលកម្មវិធីនេះ
ទេសចរណ៍ December 24, 2020 Khmernote

ព្រឹត្តិការណ៍រាប់ថយក្រោយឆ្នាំថ្មីនៅខេត្តឈៀងម៉ៃ នៅតែបន្តដំណើរការប្រារព្ធ បើទោះបីជាខេត្តមួយចំនួនត្រូវបានបិទ និងលុបចោលពិធីបុណ្យនេះ ហើយខណៈពេលដែលប្រទេសថៃមានការកើនឡើងគួរឱ្យកត់សំគាល់នៃករណី Covid-19 ក៏ដោយ។ ប្រធានមន្ទីរលើកកម្ពស់សុខភាពសាធារណៈក្រុងឈៀងម៉ៃលោក Danai Sarapruek បានឲ្យដឹងថា ការលុបចោលការប្រារព្ធពិធីនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចដែលកំពុងរងការខូចខាត ដែលនេះជាមូលហេតុមន្ត្រីក្នុងតំបន់បានសម្រេច មិនផ្អាកព្រឹត្តិការណ៍នេះដោយសារ តែផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចអាចនឹងកាន់តែធ្ងន់ធ្ងរ។

ប្រភពដដែលបាននិយាយថា ពិធីនៅតែប្រារព្ធតាមការកំណត់ដដែល ជាមួយវិធានការណ៍នៅក្នុងការគ្រប់គ្រងការរីករាលដាលនៃវីរុស Covid-19 ដែលកំពុងរាតត្បាតនេះ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ប្រធានមន្ទីររូបនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីវិធានការទាំងនោះទេ ដោយអ្នករៀបចំត្រូវតែជូនដំណឹងដល់រដ្ឋបាលខេត្តអំពីផែនការសម្រាប់ព្រឹត្តិការណ៍ឆ្លងឆ្នាំនេះ។

ទន្ទឹមនឹងនេះដែរប្រជាជនដែលទៅដល់ឈៀងម៉ៃដែលថ្មីៗនេះបានទៅទស្សនានៅខេត្តសាមុតសាខន ដែលជាចំណុចផ្ទុះវីរុស Covid-19 ត្រូវបានតម្រូវឲ្យដាក់នៅដោយឡែករយៈពេល ១៤ថ្ងៃ ខណៈអ្នកទេសចរដែលធ្វើដំណើរចូលមកខេត្តពីតំបន់ផ្សេងៗមិនតម្រូវឱ្យមានការដាច់ពីគ្នាទេ៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger