ខេត្តកំពង់ស្ពឺមានកំណើនចិញ្ចឹមសត្វ និងដាំដុះច្រើនដោយសារកត្តា ២ នេះ
សេដ្ឋកិច្ច December 24, 2020 Chan Sreyny

បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺមានកំណើនចិញ្ចឹមសត្វ និងការដាំដុះច្រើនបន្ទាប់ពីមានទីផ្សារល្អ និងអគ្គិសនីមានតម្លៃទាបដែលធ្វើឱ្យកសិករសប្បាយរីករាយយ៉ាងខ្លាំង។ លោក ឈាង តុលា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកំពង់ស្ពឺបានឱ្យដឹងថា រាជរដ្ឋាភិបាលបានបញ្ចុះតម្លៃអគ្គិសនីមានតម្លៃទាបនៅពេលយប់ដែលបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្ដឱ្យប្រជាពលរដ្ឋខិតខំចិញ្ចឹមសត្វ និងការធ្វើកសិកម្មបានកាន់តែច្រើនបន្ថែមទៀត។ លោកបញ្ជាក់ថា ការបញ្ចុះតម្លៃអគ្គិសនីនេះ គឺបានធ្វើឱ្យប្រជាពលរដ្ឋចំណេញទាំងពេលវេលា និងថវិកាក្នុងការចិញ្ចឹមសត្វ និងធ្វើកសិកម្មដែលទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ ។

លោក ឈាង តុលា បានបញ្ជាក់បន្ថែមថា ការចិញ្ចឹមសត្វគឺត្រូវការភ្លើងអគ្គិសនីបូមបាញ់ទឹក សម្អាតបំភ្លឺ កម្ដៅ ធ្វើចំណីគ្រប់បែបយ៉ាង ខ្ញុំលើកឧទាហរណ៍បងស្រីម្នាក់គាត់ចិញ្ចឹមមាន់ អ៊ីចឹងគាត់ចំណាយតម្លៃអគ្គិសនីប្រមាណជាង ១០លានរៀល ក្រោយមកគាត់ថយអស់ ៣០% ហើយមានកសិករម្នាក់ទៀតផលិតជីកំប៉ុសគាត់ចំណាយជាង ១០លានរៀល ដល់ឥឡូវនេះគាត់ចំណាយអស់តែជាង ៥លាន ទេអ៊ីចឹងគាត់សន្សំបានជិត ៤០% ដែលកាលពីមុនបានតែរួចខ្លួនតែដល់បានថ្លៃអគ្គិសនីទាប គឺចំណេញជាង ៣០% ។

ជាមួយគ្នានោះ លោកប្រធានមន្ទីរក៏បានលើកទឹកចិត្ត និងគាំទ្រឱ្យវិស័យឯកជនជាពិសេសប្រជាកសិករនាំគ្នាខិតខំពង្រីកអាជីវកម្មចិញ្ចឹមសត្វ និងដាំដំណាំ បន្លែបង្កាឱ្យបានច្រើនបន្ថែមទៀតដើម្បីឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ មន្ទីរកសិកម្មនឹងខិតខំបង្កើនការគាំទ្រទាំងការបណ្ដុះបណ្ដាល និងបច្ចេកទេសជូនដល់ប្រជាពលរដ្ឋក្នុងការចិញ្ចឹមសត្វ និងធ្វើកសិកម្ម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះថ្លៃអគ្គិសនី កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២០ សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម និងកសិកម្មរហូតដល់ ៨០% នៃចំនួនអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ហើយការបញ្ចុះតម្លៃនេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមលើផែនការបញ្ចុះថ្លៃអគ្គិសនីតាមផែនការនៃឆ្នាំនិមួយៗ៕

ប្រភព៖ ក្រសួងព័ត៌មាន