អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បានអះអាងថា ប្រទេសថៃនឹងមានម៉ាសសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ ដើម្បីបំពេញតាមតំរូវការដែលកើនឡើងដោយសារការផ្ទុះឡើងនៃវីរុស Covid-19 នៅខេត្ត សាមុតសាខន។ លោក Wattanasak Sur-iam បាននិយាយថា លោកបានស្នើសុំឱ្យក្រុមហ៊ុនផលិត បង្កើនផលិតកម្មបន្ថែមពីលើសមត្ថភាពបច្ចុប្បន្នឲ្យបានចំនួន ៥ លានម៉ាសក្នុងមួយថ្ងៃ ដោយរក្សាតម្លៃលក់រាយម៉ាសនៅតែក្នុងតម្លៃ ២.៥០ បាតក្នុងមួយម៉ាសដដែល។ ខណៈនៅដើមឆ្នាំនៃការផ្ទុះឡើងនៃវីរុស Covid-19 នៅប្រទេសថៃដំបូង Lazadaត្រូវបានបង្ខំឱ្យបើកការស៊ើបអង្កេតមួយ បន្ទាប់ពីក្រសួងពាណិជ្ជកម្មបានដាក់ពាក្យបណ្តឹងប្រឆាំងនឹងអ្នកលក់រាយតាមអ៉ីនធឺណេតដែលអនុញ្ញាតឱ្យលក់ម៉ាសក្នុងតម្លៃខ្ពស់។
ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលថៃនៅថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីសរុបចំនួន ៤៦ករណី ដោយក្នុងនោះមាន ៣៩នាក់ ជាករណីក្នុងស្រុក និង ៧នាក់ ជាករណីនាំចូល ដែលនាំឱ្យករណីសរុបបានកើនឡើងដល់ ៥,៧៦២ករណី និងការស្លាប់រក្សាត្រឹម ៦០នាក់ដដែល។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា ករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ៣៩ករណី ភាគច្រើនទាក់ទងនឹងទីផ្សារបង្គា ក្នុងខេត្តសាមុតសាខន។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នខេត្ត សាមុតសាខន កំពុងជាប់គាំងរយៈពេល ១៤ ថ្ងៃ ដោយលោកនាយករដ្ឋមន្រ្តីបាននិយាយថា វានឹងបញ្ជាក់ច្បាស់ជាងនេះក្នុងរយៈពេលប្រហែល ៧ ថ្ងៃ នៅពេលដែលមន្រ្តីត្រូវសម្រេចចិត្តថា តើត្រូវបន្តរឹតបន្តឹងបន្ថែមទៀតរួមទាំងការចាក់សោរនៅទូទាំងប្រទេសជាចាំបាច់ ឬ យ៉ាងណានោះ៕


អត្ថបទ៖ លីនី
ប្រភព៖ thethaiger ,bangkokpost


