ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា សម្រស់បាតសមុទ្រកម្ពុជា ជាគោលដៅទេសចរណ៍ដ៏ល្អប្រណិត ដែលមានធនធានធម្មជាតិ ជីវចម្រុះ គ្រប់ប្រភេទសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា ។ លោក កាន់ ភារៈ ប្រធានក្រុមជ្រមុជទឹក នៃទីបញ្ជាការជួរមុខសម្រាប់ការងារស្រាវជ្រាវ និងអភិរក្សនៃបញ្ជាការដ្ឋានកងទ័ព ជើងទឹក បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បាតសមុទ្រកម្ពុជាពោរពេញទៅដោយសម្រស់ដ៏ស្រស់បំព្រង សម្បូរទៅដោយធនធានធម្មជាតិជីវចម្រុះ ជាជម្រកសម្រាប់មច្ឆា ជាច្រើនប្រភេទ អាចនិយាយបានថា ជាពិភពមួយផ្សេងទៀតដែលមាន សម្រស់ស្រស់ស្អាតមិនអាចកាត់ថ្លៃបាន ។
លោកបន្តថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានជំរុញដល់ក្រុមការងារឱ្យខិតខំសិក្សា ពីជីវចម្រុះគ្រប់ប្រភេទនៅបាតសមុទ្រឱ្យបានល្អិតល្អន់ ដើម្បីកត់ត្រាទុកសម្រាប់កូនចៅជំនាន់ក្រោយបានដឹង និងបានយល់ពីអត្ថប្រយោជន៍របស់ជីវចម្រុះ ក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាពិសេសអាចជួយដល់ប្រជានេសាទ និងប្រជាពលរដ្ឋនៅតំបន់កោះទាំងនោះ រកចំណូលបន្ថែមផ្គត់ផ្គង់ជីវភាពគ្រួសារ ។

លោកបានមានប្រសាសន៍ថា៖ «និយាយឱ្យចំទៅសារប្រយោជន៍នៃការងារអភិរក្សនេះ គឺវាមានសារសំខាន់ ដោយទីមួយ គឺជាការងារអភិរក្ស ធនធានធម្មជាតិនេះ គឺដើម្បីទុកជាសមិទ្ធផលសម្រាប់ក្មេងៗជំនាន់ក្រោយបានឃើញ បានដឹង បានយល់ ហើយមួយទៀត ដោយសារនៅតាមតំបន់ទាំងអស់នោះ មានជីវចម្រុះ មានផ្កាថ្មស្អាតៗ មានត្រី ទឹកថ្លាមានសោភ័ណភាពស្រស់ស្អាត មិនចាញ់ប្រទេសគេ ដែលប្រទេសគេមានពពួកជីវចម្រុះបែបនេះដែលប្រទេសនៅជិតៗយើងដូចជាប្រទេសថៃ គឺកម្ពុជាយើងមិនចាញ់គេទេ» ។

សូមបញ្ជាក់ថា ក្រុមការងារស្រាវជ្រាវនិងអភិរក្ស នៃទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខ លម្ហសមុទ្រ មានសមាជិកចំនួន១០នាក់ ហើយបានចាប់ផ្តើមស្រាវជ្រាវតាំងពីឆ្នាំ២០១៦មកម៉្លេះ ក្រោមការដឹកនាំផ្ទាល់ពី ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា និងទទួលបានការបណ្តុះបណ្តាលជាច្រើនវគ្គ ពីអ្នកជំនាញទាំងក្នុងនិងក្រៅប្រទេស ក្នុងការសិក្សាកំណត់អត្តសញ្ញាណជីវចម្រុះគ្រប់ប្រភេទ ដែលបានចុះសិក្សាតាមបណ្តាកោះជាច្រើន ដូចជា កោះរុង កោះរុងសន្លឹម កោះស្តេច កោះឆាន់ កោះឆ្លាម កោះតាង កោះព្រីង កោះពូឡូវ៉ៃជាដើម៕


ប្រភព៖ ក្រសួងព័ត៌មាន


